ខេត្តសៀមរាប÷ អង្គសិក្ខាសាលាថ្នាក់តំបន់ ស្តីពីសកម្មភាពមីន នៅក្នុងតំបន់មេគង្គ. ឡានឆាង ដែលបានប្រព្រឹត្តទៅអស់រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី២៩ តុលា ឆ្នាំ២០២៥ នៅសណ្ឋាគារអង្គរភែលេសរីហ្សត និង ស៉្បា ខេត្តសៀមរាប ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រួមគ្នាឆ្ពោះទៅសម្រេចបានតំបន់មេគង្គ-ឡានឆាង ដែលមិនមានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ត្រូវបានបិទកាលនៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងវត្តមានរបស់លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ។




អង្គសិក្ខាសាលានេះ គឺជាផ្នែកមួយនៃគម្រោង «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងសកម្មភាពមីន» ដែលគាំទ្រដោយមូលនិធិពិសេសរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណង លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការចែករំលែកចំណេះដឹង និងជំនាញ ក្នុងវិស័យសកម្មភាពមីន រវាងប្រទេសនានានៅក្នុងតំបន់មេគង្គ-ឡានឆាង។ សិក្ខាសាលានេះផងដែរ មានការចូលរួមពីអ្នកជំនាញមកពីអង្គការអន្តរជាតិ និងតំណាងស្ថាប័នជាតិ ដែលបម្រើការងារពាក់ព័ន្ធនឹងវិស័យសកម្មភាពមីន របស់ប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង រួមមាន ចិន ឡាវ មីយ៉ាន់ម៉ា វៀតណាម និងរួមទាំងកម្ពុជា។
ឯកឧត្តម លី បញ្ញារិទ្ធិ៍ បានលើកឡើងថា សិក្ខាសាលាបានប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ដោយគណប្រតិភូចាប់ផ្តើមដោយការអញ្ជើញទៅទស្សនៈកិច្ចសារមន្ទីរតេជោសន្តិភាព ដែលជាផ្នែកប្រវត្តិសាស្ត្រ និងផ្នែកមនុស្សធម៌នៃសកម្មភាពមីននៅកម្ពុជា។ ការទស្សនកិច្ចទៅកាន់សារមន្ទីរសន្តិភាពតេជោ បានរំលឹកឲ្យយើងចងចាំអំពីដំណើរដ៏វែងឆ្ងាយ និងឈឺចាប់ពីសង្គ្រាមទៅសន្តិភាព ជាដំណើរមួយដែលប្រទេសទាំងអស់នៅក្នុងតំបន់បានចែករំលែកគ្នា។ ការទស្សនាប្រាសាទអង្គរវត្តនៅពេលរសៀល បានផ្តល់ឲ្យគណប្រតិភូបានឃើញអរិយធម៌បុរាណរបស់កម្ពុជា ដែលជាភស្តុតាងរស់រានថា សន្តិភាព និងវប្បធម៌អាចរស់រួមគ្នា និងរីកចម្រើនទៅជាមួយគ្នាបាន។ឯកឧត្តមបានបន្តថា






សិក្ខាសាលាបានដំណើរការពិភាក្សា ដោយមានការផ្លាស់ប្តូរបច្ចេកទេស និងការចែករំលែកចំណេះដឹងដែលផ្ដោតលើប្រធានបទគ្របដណ្តប់លើវិស័យសកម្មភាពមីនយ៉ាងទូលំទូលាយ រួមមាន ការជួយសង្គ្រោះជនរងគ្រោះដោយសារមីន ការអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ការបោសសម្អាតមីន ការគ្រប់គ្រងព័ត៌មាន និងបញ្ហាបរិស្ថានក្នុងសកម្មភាពមីន ។ ក្នុងនោះដែរ ឯកឧត្តមបង្ហាញនូវការអរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ជំនួយថវិកា ក្នុងការរៀបចំសន្និសីទនេះ នៅក្រោម ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការឡានឆាង–មេគង្គ និងអរគុណចំពោះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានជួយសម្របសម្រួលការងារសម្រាប់ព្រឹត្តិការណ៍នេះផងដែរ៕





