ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ត្រូវបានផ្អាកនៅថ្នាក់ជាតិ តែនៅខេត្តសៀមរាបបានរៀបចំកម្មពិធីសប្បាយៗជូនដល់ភ្ញៀវជាតិ អន្តរជាតិ ចូលរួមទស្សនាកម្សាន្ត ក្នុងឱកាសបុណ្យអុំទូកផងដែរក្រោយពេលរាជរដ្ឋាភិបាល បានប្រកាសផ្អាកពិធីបុណ្យអុំទូកនៅថ្នាក់ជាតិ ប៉ុន្តែអាជ្ញាធរតាមបណ្ដាខេត្ត អាចបន្តរៀបចំពិធីបុណ្យអុំទូកនៅតាមបណ្ដាខេត្តរបស់ខ្លួនបានទៅតាមលទ្ធភាព ។ ខេត្តសៀមរាប ជាគោលដៅទេសចរណ៍របស់ភ្ញៀវជាតិ អន្តរជាតិ ហើយដើមី្បធ្វើការទាក់ទាញដល់ភ្ញៀវទេសចរណ៍ពីគ្រប់មជ្ឈដ្ឋាន ចូលមកកាន់ខេត្តសៀមរាប សំខាន់ក្នុងឱកាសពេលដែលប្រជាពលរដ្ឋកម្ពុជាយើង ប្រារព្ធបុណ្យប្រពៃណីជាតិខ្មែរយើង ។ដើមី្បធ្វើឲ្យមានកំណើន

នៃភ្ញៀវទេសចរណ៍ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រៀបចំនូវកម្មវិធីសប្បាយ នៅតាមដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ក្នុងការជំនួសឲ្យបុណ្យអុំទូក រដ្ឋបាលខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានរៀបចំកម្មវិធីការជិះទូកកម្សាន្តលើស្ទឹងសៀមរាប ផ្សារទឹក និង ការប្រណាំងអុំទូកខ្នាតខ្លី និង ប្រគំតន្ត្រីស្គរដៃ ការតាំងពិព័រណ៍ ប្រដាល់គុនខ្មែរ ល្ខោនបាសាក់ និងកម្មវិធីកម្សាន្តផ្សេងៗជាច្រើនទៀត ។ គោលដៅនៃការរៀបចំពិធីទាំងនេះ គឺដើម្បីឲ្យមហាជនបានកម្សាន្ត និងជួយជម្រុញវិស័យទេសចរណ៍ ។
តាមការបញ្ជាក់របស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានឲ្យដឹងថា ដើមី្បបង្កើតនូវភាពសប្បាយៗដល់ប្រជាពលរដ្ឋក្នុងខេត្ត និង មកពីរាជធានី ខេត្តផ្សេងៗ បរទេស

បានសិក្សាស្វែងយល់អំពី ប្រពៃណី វប្បធម៌ ទំនៀមទម្លាប់របស់ដូនតាខ្មែរយើង សំខាន់ដោយខេត្តសៀមរាប ជាជង្រុកនៃសម្បត្តិវប្បធម៌ សម្បូរទៅដោយប្រាង្គប្រាសាទបុរាណ និង រមណីយដ្ឋានធម្ម ជាតិទៀតផង ។ ដើមី្បកុំឲ្យបាត់បង់វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់នៃពិធីបុណ្យអុំទូក ដែលបុព្វបុរសខ្មែរយើងគោរព ប្រតិបត្តិនៅរៀងរាល់ឆ្នាំផងនោះ ទើបរដ្ឋបាលខេត្ត សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បង្កើតកម្មវិធី ប្រណាំងអុំទូក ខ្នាតតូច ដែលមានចំណុំកីឡាករ ៥នាក់ក្នុងមួយទូក ព្រមទាំងមានរៀបចំកម្មវិធីការជិះទូកកម្សាន្តលើស្ទឹងសៀមរាប ផ្សារទឹក និង ប្រគំតន្ត្រីស្គរដៃ ការតាំងពិព័រណ៍ ប្រដាល់គុនខ្មែរ ល្ខោនបាសាក់ និងកម្មវិធីកម្សាន្តផ្សេងៗ ក្នុងការបម្រើជូនដល់មហាជន ភ្ញៀវជាតិ អន្តរជាតិ ទស្សនាកម្សាន្តសប្បាយ នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប ៕