អង្គវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៥ ត្រូវបានប្រារព្ធធ្វើនៅព្រឹកថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងបរិវេណវត្ត សុវណ្ណគិរីកេសរត្រោះ ស្ថិតក្នុងភូមិ ភ្នំដី ឃុំ ស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ដែលមានសមាសភាព និមន្តអញ្ជើញចូលរួមពីព្រះសង្ឃ ឯកឧត្តម លោកជំទាវជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត និង អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ព្រមទាំងមន្ត្រីរាជការ រដ្ឋបាលស្រុក ឃុំ និង មេភូមិ សិស្សានុសិស្ស វិស័យឯកជន អង្គការសង្គមស៊ីវិល និង ប្រជាពលរដ្ឋចូលរួមសរុប ២៤២អង្គ/នាក់ ។


មានប្រសាសន៍នោះដែរ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើង ក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ដែលបានប្រារព្ធធ្វើឡើងក្នុងមួយឆ្នាំម្តង ដើមី្បដោះស្រាយនូវទុក្ខកង្វល់ សំណូមពរ និង សំណើររបស់បងប្អូនប្រជាពលរដ្ឋ ដោយផ្តោតសំខាន់ទៅលើក្តីទុក្ខកង្វល់ផ្ទាល់របស់បងប្អូនប្រជាពល រដ្ឋ ទៅលើបញ្ហា សន្តិសុខ សណ្តាប់ធ្នាប់ និង បរិស្ថាន សុខភាពអនាម័យ និង ការអភិវឌ្ឍនៅក្នុងមូលដ្ឋាន ដើមី្បឲ្យអាជ្ញាធរបានដឹងឮ និង រកដំណោះស្រាយជូនបងប្អូន ។ ក្នុងនោះដែរឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានលើកឡើងផងដែរ ពីលទ្ធផល ដោះស្រាយ សំណួរ និង សំណូមពរ របស់បងប្អូនតាមរយៈផ្ទាល់មាត់ និង សរសេរជាលាយលក្ខណ៍អក្សរ ដែលលើកនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២៤ ។ក្នុងនោះដែរឯកឧត្តមលី សំរិទ្ធ ជម្រុញដល់អាជ្ញាធរស្រុក មេឃុំ មេភូមិ និង កម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ត្រូវគ្រប់គ្រងឲ្យបាននូវសិត្ថិប្រជាពលរដ្ឋខ្លួន ។ ម៉្យាងទៀតអាជ្ញាធរស្រុក ឃុំ ត្រូវក្តាប់ឲ្យបាននូវរាល់សតិអារម្មណ៍ និង សំណូមពររបស់ប្រជាពលរដ្ឋខ្លួន ដើមី្បសំដៅទៅការលុបបំបាត់នូវភាពក្រីក្រ របស់ប្រជាពលរដ្ឋនៅតាមជនបទ ។

ឯកឧត្តម លី សំរិទ្ធ ក៏បានធ្វើ បញ្ជាក់ពីតួនាទី ភារកិច្ច និង របៀបរបបធ្វើការងាររបស់ការិយាល័យប្រជាពលរដ្ឋ ។ ការិយាល័យប្រជាពលរដ្ឋរាជ ធានីខេត្ត ក្រុង ស្រុក ខណ្ឌមានអាណត្តិរបស់ខ្លួន ក្នុងគោលបំណង ដើមី្បលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្តល់ សេវានិងការ អភិវឌ្ឍសេដ្ឋកិច្ច នៅរដ្ឋបាលក្រោមជាតិ តាមរយៈការពង្រឹងតួនាទី ភារកិច្ច ក្នុងការទទួល និង ការសម្រុះ សម្រួលដោះស្រាយបណ្តឹងនៅក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និង គ្រប់គ្រងរដ្ឋបាលនៅរដ្ឋបាល ថ្នាក់ក្រោមជាតិ ។ ចំពោះបញ្ហាពាក់ព័ន្ធទៅនឹងដីតំបន់បូរាណដ្ឋាន និង សហគមន៍ព្រៃឈើ សូមឲ្យគណៈកម្មាធិការដោះស្រាយវិវាទដីធ្លី ត្រូវធ្វើការត្រួតពិនិត្យដោះស្រាយជូនបងប្អូន ។
លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត បានជម្រុញដល់រដ្ឋបាលស្រុក ឃុំ និង កម្លាំងសមត្ថកិច្ចនៅមូលដ្ឋាន ធ្វើការលុបបំបាត់នូវភាពអសកម្ម និង អសន្តិសុខនៅក្នុងមូលដ្ឋាន ក្នុងការធានានូវសុខ សុវត្ថិភាព និង ការអភិវឌ្ឍន៍ នៅក្នុងមូលដ្ឋានរបស់ខ្លួន ។


ក្នុងនោះដែរ បងប្អូនសមាជិកសមាជិកា នៃអង្គវេទិកាទាំងមូល ក៏បានលើកឡើង សំណួរ សំណូមពរ មាន២៥ សំណួរ សំណូមពរ ក្នុងនោះផ្ទាល់មាត់ មានចំនួន ៣ សំណួរ សំណូមពរ ព្រមទាំងជាលាយលក្ខណ៍អក្សរ ចំនួន ២២សំណួរ សំណូមពរ ដោយផ្តោតទៅលើបញ្ហា ក្រុមក្មេងទំនើង , គ្រឿងញៀន , ហេដ្ឋារចនាសម្ព័ន្ធ , ការសុំបង្កើតភូមិ , ដីកសិកម្ម , ព្រៃសហគមន៍ និង តំបន់បុរាណដ្ឋាន ជាដើម ៕