រដ្ឋបាលខេត្តសៀមរាប ជម្រុញឲ្យគ្រប់ប៉ុស្តិ៍នគរបាល ពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណផុតសុពលភាព
និង ធ្វើថ្មីអ្នកគ្រប់អាយុ ព្រមទាំងបង្ក្រាបឲ្យខាងតែបានក្មេងទំនើង គ្រឿងញៀន និង បារីអេឡិចត្រូនិច
ថ្លែងនៅក្នុងអង្គវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ឆ្នាំ២០២៥ កាលពីព្រឹកថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ២០២៥ នៅបរិវេណវត្ត វិសុទ្ធិមគ្គ ស្ថិតក្នុងភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុក អង្គរធំ ខេត្តសៀមរាប ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានជម្រុញឲ្យគ្រប់ប៉ុស្តិ៍នគរបាលទាំងអស់ ពន្លឿនក្នុងការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋដែលបានផុតសុពលភាព និង ធ្វើថ្មីជូនដល់អ្នកគ្រប់អាយុ សំខាន់ក្មួយៗសិស្សានុសិស្ស ព្រមទាំងជម្រុញដល់អាជ្ញាធរស្រុក ឃុំ កម្លាំងមានសមត្ថកិច្ច សហការជាមួយព្រះសង្ឃ ប្រជាពលរដ្ឋ ផ្សព្វផ្សាយក្នុងប្រយុទ្ធប្រឆាំងគ្រឿងញៀន



និង បារីអេឡិចត្រូនិច ។ ឯកឧត្តមបានលើកឡើងថា អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ដែលបានប្រារព្ធធ្វើឡើងក្នុងមួយឆ្នាំម្តង ដើមី្បដោះស្រាយនូវទុក្ខកង្វល់ សំណូមពរ និង សំណើររបស់បងប្អូនប្រជាពលរដ្ឋ ដោយផ្តោតសំខាន់ទៅលើក្តីកង្វល់ផ្ទាល់របស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាក្រុង ស្រុក ឃុំ ។ ឯកឧត្តមបានគូសបញ្ជាក់ថា យើងបានធ្វើការផ្សព្វផ្សាយ អំពីលទ្ធផលការងារដែលរដ្ឋបាលអនុវត្តក្នុងរយៈពេលមួយឆ្នាំ និង ការផ្សព្វផ្សាយអំពីតួនាទី ភារកិច្ច និង របៀបរបបការងាររបស់ការិយាល័យប្រជាពលរដ្ឋ ក្នុងគោលបំណង ដើមី្បលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្តល់សេវានិងការ អភិវឌ្ឍសេដ្ឋកិច្ច នៅរដ្ឋបាលក្រោមជាតិ តាមរយៈការពង្រឹងតួនាទី ភារកិច្ច ក្នុងការទទួល និង ការសម្រុះសម្រួលដោះស្រាយបណ្តឹងនៅក្រៅប្រព័ន្ធតុលាការ ព័ន្ធនឹងការផ្តល់សេវាសាធារណៈ




និង គ្រប់គ្រងរដ្ឋបាលនៅរដ្ឋបាល ថ្នាក់ក្រោមជាតិ និង អំពីអត្ថប្រយោជន៍ ការធ្វើប័ណ្ណ សមាជិក (ប.ស.ស) សម្រាប់បងប្អូនទៅលើរបបថែទាំ សុខភាព និង របបគ្រោះថ្នាក់ការងារ ដើមី្បសម្រួលកាត់បន្ថយការបង់ថ្លៃព្យាបាលក្នុងកម្រៃសមរម្យជូនបងប្អូន ព្រមទាំងពីអត្ថប្រយោជន៍ របស់វិទ្យា ស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន សៀមរាប ជូនដល់សិស្សានុសិស្ស ប្រជាពលរដ្ឋ ដែលស្វែងរកការងារធ្វើ ។ ឯកឧត្តម លី សំរិទ្ធ ក៏បានលើកពីលទ្ធផលទទួលបាននៃកិច្ចពិគ្រោះយោបល់របស់អង្គវេទិកា ដោយផ្តោតលើ វិស័យអប់រំ (កង្វះគ្រូបង្រៀន , វិវាទដីធ្លី (រវាងប្រជាពលរដ្ឋ និង វត្តវិសុទ្ធិមគ្គ ) ,ផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋពេលបើកផ្លូវ , អគ្គិសនី ,ក្មេងទំនើង , ធារាសាស្ត្រ និង ហេដ្ឋារចនាសម្ព័ន្ធ ។ ឯកឧត្តមក៏បានផ្តល់នូវអនុសាសន៍មួយចំនួន ដល់អាជ្ញាធរស្រុក ឃុំ និងមន្ទីរជំនាញមានការពាក់ព័ន្ធ សហការគ្នា ក្នុងការកាត់បន្ថយ និង រំលុតរាល់វិវាទដែលតែងកើតមាននៅក្នុងស្រុករបស់ខ្លួន ក្នុងការដោះស្រាយនូវរាល់សំណូមពររបស់ប្រជាពលរដ្ឋលើកឡើង ឲ្យប្រកបដោយសន្តិវិធី និងមានប្រសិទ្ធិភាពខ្ពស់ ។




មានប្រសាសន៍នោះដែរលោក អ៊ឹង គឹមលាង អភិបាលរងខេត្ត បានផ្តល់នូវអនុសាសន៍លើនីតិវិធីក្នុងការដោះស្រាយ បញ្ហាវិវាទដីធ្លី រវាងប្រជាពលរដ្ឋ និង វត្តវិសុទ្ធិមគ្គ គឺត្រូវប្រកាន់នូវភាពខន្តី ដោយបញ្ហានេះកំពុងស្ថិតក្នុងដែនសមត្ថកិច្ចរបស់តុលាការ ។ ក្នុងនោះលោកអភិបាលរង ខេត្ត ជម្រុញដល់រដ្ឋបាលស្រុក ឃុំ ធ្វើការប្រមូលរាល់ឯកសារពាក់ព័ន្ធ និងអ្នកពាក់ព័ន្ធ ដើមី្បធ្វើការសម្របសម្រួលដោះ ស្រាយប្រកបដោយសន្តិវិធី ។ ក្នុងនោះលោកក៏បានសង្កត់ធ្ងន់ ចំពោះក្រុមក្មេងទំនើង បញ្ហាគ្រឿងញៀន និងបារីអេឡិចត្រូនិច សូមឲ្យសមត្ថកិច្ចមូលដ្ឋាន ធ្វើការកំណត់មុខសញ្ញាឲ្យច្បាស់ដែលមាននៅក្នុងមូលដ្ឋានខ្លួន ។ ក្នុងបញ្ហានេះ ក៏ត្រូវ មានការចូលរួមពីប្រជាពលរដ្ឋ ដោយត្រូវប្រកាន់ភ្ជាប់ថា ប្រជាពលរដ្ឋម្នាក់ ជានគរបាលម្នាក់ សមត្ថកិច្ចម្នាក់ ។ លោកអភិបាលរងខេត្ត ក៏បានទទួលយកនូវរាល់សំណួរ សំណួមពររបស់បងប្អូន យកទៅធ្វើការដោះស្រាយជូនទៅតាមស្ថានភាព ។




ក្នុងនោះសមាជិកសមាជិកានៃអង្គវេទិកា បានលើកជាសំណួរ និង សំណូមពរមាន១៤, ផ្ទាល់មាត់ ចំនួន ០៨សំណួរ និង សំណូមពរ និង ជាលាយលក្ខណ៍អក្សរ មានចំនួន៤ សំណួរ និង សំណូមពរ ត្រូវបានវាគ្មិននៃមន្ទីរពាក់ព័ន្ធ បានធ្វើការបកស្រាយបំភ្លឺ ទៅលើបញ្ហា វិស័យអប់រំ, ហេដ្ឋារចនាសម្ព័ន្ធ ,ក្មេងទំនើង, អគ្គិសនី ,ធារាសាស្ត្រ ,ការបើកផ្លូវប៉ះផ្ទះប្រជាជន។
អង្គវេទិកា ផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនេះ ដោយមានការនិមន្ត និង អញ្ជើញចូលរួមពី ព្រះអនុគណស្រុក ព្រះសង្ឃ ឯកឧត្តម លោកជំទាវជាសមាជិក្រុមប្រឹក្សាខេត្ត និង អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ព្រមទាំងមន្ត្រីរាជការ រដ្ឋបាលស្រុក សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ និងសិស្សានុសិស្ស វិស័យឯកជន អង្គការសង្គមស៊ីវិល និង ប្រជាពលរដ្ឋចូលរួមចំនួន ៣៤៤អង្គ/នាក់ ៕



