នៅស្រុកបន្ទាយស្រី និងនៅបរិវេណវត្ត ត្បែង ស្ថិតក្នុងភូមិ វត្ត ឃុំ ត្បែង ស្រុក បន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ២០២៥ ក្រុមប្រឹក្សាខេត្តសៀមរាបបានបន្តបើកអង្គវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ខ្លួន ដើមី្បផ្តល់សិទ្ធជូនប្រជាពលរដ្ឋចូលរួមបញ្ចេញមតិ យោបល់ និង សំណូមពរ ដោយផ្ទាល់ ទៅកាន់អាជ្ញាធរ និង មន្ត្រីពាក់ព័ន្ធ ធ្វើការពិនិត្យ និង ឆ្លើយតប ដោះស្រាយនូវរាល់ទុក្ខកង្វល់របស់បងប្អូននៅនឹងកន្លែង ។ អង្គវេទិកានេះបានប្រព្រឹត្តទៅក្រោមវត្តមាន របស់ឯកឧត្តម តោ គឹមស៊ាន តំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក សុខ ថុល អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការនិមន្ត អញ្ជើញចូលរួមជាសមាជិកអង្គ វេទិកា ចមានចំនួន ៤១០អង្គ/នាក់ ។

ថ្លែងនៅក្នុងអង្គវេទិកានោះដែរ ឯកឧត្តម តោ គឹមស៊ាន បានជម្រុញដល់មន្ទីរជំនាញ ពន្លឿនការចេញប័ណ្ណកម្ម សិទ្ធជូនប្រជាពលរដ្ឋ ព្រមទាំងជម្រុញដល់រដ្ឋបាល ស្រុក ឃុំ និង ប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបើកយុទ្ធនាការ១៦ថ្ងៃ ក្នុងការបញ្ឈប់បញ្ហាផ្សេងៗ រួមមាន ការបញ្ឈប់អំពើហិង្សាទៅលើស្រ្តីនិងក្មេងស្រី បញ្ហាទំនាក់ទំនងអនឡាញ ទាក់ទងយេនឌ័រ តាមគ្រប់រូបភាព និង ជម្រុញដល់អាជ្ញាធរស្រុក ឃុំ កម្លាំងមានសមត្ថកិច្ច សហការជាមួយព្រះសង្ឃ ប្រជាពលរដ្ឋ ធ្វើការផ្សព្វផ្សាយក្នុងប្រយុទ្ធប្រឆាំង និងបង្រ្កាបឲ្យខាងតែបានករណីគ្រឿងញៀន និង បារីអេឡិចត្រូនិច និង អំពើចោរកម្ម ព្រមទាំងក្រុមក្មេងទំនើង ។ ឯកឧត្តមក៏បានផ្តល់នូវអនុសាសន៍ និង ធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ ក្នុងការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ ពិសេសលើបញ្ហាវិវាទដីធ្លី នៅក្នុងមូលដ្ឋាន ព្រមទាំងក្តាប់ឲ្យបានមុខសញ្ញាក្រុមក្មេងទំនើង បញ្ហាគ្រឿងញៀន និង បារីអេឡិត្រូនិច ដើមី្បទប់ស្កាត់កុំឲ្យមានកើតឡើងក្នុងមូលដ្ឋាន ដែលជាគន្លឹះសម្រាប់អាជ្ញាធរ និង សមត្ថកិច្ចយកទៅ អនុវត្តនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើមី្បបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋរបស់ខ្លួន ។











ឯកឧត្តមបានគូសបញ្ជាក់ថា ការផ្សព្វផ្សាយ អំពីលទ្ធផលការងារដែលរដ្ឋបាលខេត្ត និង ស្រុកអនុវត្តក្នុងរយៈពេលមួយឆ្នាំ និង ការផ្សព្វផ្សាយអំពីតួនាទី ភារកិច្ច និង របៀបរបបការងាររបស់ការិយាល័យប្រជាពលរដ្ឋ ក្នុងគោលបំណង ដើមី្បលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្តល់សេវានិងការ អភិវឌ្ឍសេដ្ឋកិច្ច នៅរដ្ឋបាលក្រោមជាតិ តាមរយៈការពង្រឹងតួនាទី ភារកិច្ច ក្នុងការទទួល និង ការសម្រុះសម្រួលដោះស្រាយបណ្តឹងនៅក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និង គ្រប់គ្រងរដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និង អំពីអត្ថប្រយោជន៍ ការធ្វើប័ណ្ណ សមាជិក (ប.ស.ស) សម្រាប់បងប្អូនទៅលើរបបថែទាំ សុខភាព និង របបគ្រោះថ្នាក់ការងារ ដើមី្បសម្រួលកាត់បន្ថយការបង់ថ្លៃព្យាបាលក្នុងកម្រៃសមរម្យជូនបងប្អូន ព្រមទាំងការបង្ហាញស្តីពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និង វិជ្ជា ជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ ដែលវិទ្យាស្ថានបានកំពុងនឹងអនុវត្ត ។
ក្នុងអង្គវេទិកានេះ ក្រុមការងារបានទទួលសំណួរ និង សំណូមពរ ចំនួន២៣ ក្នុងនោះមានសំណួរផ្ទាល់មាត់ ចំនួន ៩ ត្រូវបានវាគ្មិននៃមន្ទីរ អង្គភាពពាក់ព័ន្ធបានធ្វើការបកស្រយឆ្លើយតបជូនបងប្អូននូនឹងកន្លែង និង សំណួរសំណូមពរជាលាយលីក្ខណ៍អក្សរ ចំនួន ១៤ មិនទាន់បានបកស្រាយ ត្រូវបានក្រុមការងាររក្សាទុកធ្វើការពិនិត្យពិភាក្សាក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្ត និង ធ្វើការឆ្លើយតបជម្រាបជូនដំណឹងជាលាយលក្ខណ៍អក្សរដល់បងប្អូននៅតាមមូលដ្ឋាន ។







មានប្រសាសន៍នោះដែរលោក សុខ ថុល អភិបាលរងខេត្ត បានលើកឡើងថា អង្គវេទិកាថ្ងៃនេះ ជាការបើកទូលាយជូនបងប្អូន ក្នុងការទទួលយកនូវមតិ យោបល់ដែលបងប្អូនបានលើកឡើងនៅក្នុងមូលដ្ឋាន ។ ក្នុងនាមអាជ្ញាធរ ខេត្ត លោកក៏បានស្នើដល់អាជ្ញាធរ និង សមត្ថកិច្ចមូលដ្ឋានត្រូវយកចិត្តទុកដាក់ខ្ពស់ លើការផ្តល់សេវា ជូនប្រជាពលរដ្ឋរបស់ខ្លួនឲ្យកាន់តែមានភាពប្រសើរឡើង ។ កត្តាទាំងនេះ គឺជាគន្លឹះសម្រាប់រដ្ឋបាលស្រុក ឃុំ យកទៅធ្វើការ អភិវឌ្ឍន៍នៅក្នុងមូលដ្ឋានខ្លួន ដើមី្បជាផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ។ ក្នុងនោះលោកអភិបាលរងខេត្តក៏បានសង្កត់ធ្ងន់ ចំពោះក្រុមក្មេងទំនើង បញ្ហាគ្រឿងញៀន និងបារីអេឡិចត្រូនិច បញ្ហាការបំពានយកដីកាន់កាប់នៅតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» និង សួនកេសរកូលភ្នំគូលែន ដែលជាសួនកេសរកូល ឬយើងនិយមហៅ ផ្កាអ័រគេដេ មានទីតាំងស្ថិតនៅជើងភ្នំគូលែន គឺជាសួនកេសរកូលដំបូងគេបង្អស់របស់កម្ពុជា ក្នុងស្រាវជ្រាវ និងអភិរក្សប្រភេទកេសរកូល ។ ចំពោះរាល់សំណួរ សំណូមពរដែលបងប្អូនបានលើកឡើងមាន បញ្ហាដីធ្លី ,ការងារសន្តិសុខ , សុខាភិបាល ,ប័ណ្ណ ប.ស.ស និង ហេដ្ឋារចនាសម័្ពន្ធ ផ្លូវ ថ្នល់ ត្រូវបានលោកអភិបាលរងខេត្ត ទទួលយកទៅធ្វើការដោះស្រាយជូនទៅតាមស្ថានភាព ៕






