ខេត្តសៀមរាប÷ ការបង្កើតឱកាសការងារដល់យុជន ដើម្បីទទួលបានប្រាក់ចំណូលសមរម្យនិងមានវិថីអភិវឌ្ឍន៍ជំនាញច្បាស់លាស់ជាតួនាទីរបស់គ្រប់ភាគីពាក់ព័ន្ធមន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានថ្លែងថា ការបង្កើតឱកាសការងារដល់យុជន ដើម្បីទទួលបានប្រាក់ចំណូលសមរម្យ និងមានវិថីអភិវឌ្ឍន៍ជំនាញច្បាស់លាស់ មិនមែនជាតួនាទីដាច់មុខរបស់ក្រសួងស្ថាប័នណាមួយនោះទេ ប៉ុន្តែជាតួនាទីរបស់គ្រប់ភាគីពាក់ព័ន្ធ ។ ឯកឧត្តម ប៉ាក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងបែបនេះ នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចដល់សិក្ខាកាមចំនួន ២០០នាក់ វគ្គទី៣ ដែលរៀបចំឡើងដោយសមាគមក្លឹបទេសចរណ៍សៀមរាប នាថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ២០២៥ ។


ឯកឧត្តម ប៉ាក សុខុម បានថ្លែងថា ការអភិវឌ្ឍធនធានមនុស្ស ក្រសួងទេសចរណ៍បានដាក់ចុះនូវយុទ្ធនាការ “បុគ្គលិកម្នាក់ ជំនាញមួយ (One Employee, One Skill)” ដែលមានបញ្ជូលក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ដោយផ្តោតលើទាំងបរិមាណ និងគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍន៍ វិស័យទេសចរណ៍ ដែលមានតម្រូវការអ្នកជំនាញប្រមាណ ១,១លាននាក់ នៅឆ្នាំ២០៣០ និងប្រមាណ ១,៤លាននាក់ នៅឆ្នាំ២០៣៥ និង ឆ្ពោះទៅសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ SDG4 និង SDG 8។ ឯកឧត្តមបន្តថា ក្នុងន័យនេះ ការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍ ចាំបាច់ត្រូវមានការចូលរួមពីគ្រប់តួអង្គ ដែលពាក់ព័ន្ធនៅក្នុងវិស័យទេសចរណ៍រួមទាំងផ្នែករដ្ឋ និងផ្នែកឯកជន ។ ឯកឧត្តម បន្ថែមថា នៅកម្ពុជា ការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍មានភាពចម្រុះ ។

ការបណ្តុះបណ្តាលអាចធ្វើឡើងដោយផ្នែករដ្ឋដែលក្រសួងទេសចរណ៍ និងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ជាអ្នកបណ្តុះបណ្តាលដោយផ្ទាល់ ការធ្វើឡើងដោយឯកជនដែលមានសាលាបណ្តុះបណ្តាល ដំណើរការដោយឯកជន ហើយអាចធ្វើឡើងដោយអង្គការ សមាគម ដែលមាន មូលនិធិសម្រាប់ដំណើរការនូវវគ្គបណ្តុះបណ្តាល និងមានគ្រឹះស្ថានសិក្សាផ្សេងទៀតដែលបានបើកដំណើរការនៅតាមរាជធានី ខេត្ត បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមកសាងមូលធនមនុស្សនៅក្នុងវិស័យទេសចរណ៍ ឲ្យឆ្លើយតបបានទាំងបរិមាណ និងគុណភាពបំពេញតាមតម្រូវការជាក់ស្តែងនៃការវិវត្តវិស័យទេសចរណ៍។ ក្នុងក្របខណ្ឌនៃការបណ្តុះបណ្តាល គឺមានការបើកទូលាយ ការបណ្តុះបណ្តាលដោយផ្ទាល់នៅនឹងទីតាំងការងារ ការហ្វឹកហាត់ការងារដោយផ្ទាល់នៅតាមសណ្ឋាគារ ភោជនីយដ្ឋាន ទីភ្នាក់ងារទេសចរណ៍ ខ្សែច្រវាក់ផ្គត់ផ្គង់ផ្សេងៗទៀត ដែលមានគ្រូបង្គោលបណ្តុះបណ្តាលបុគ្គលិកជាប់ជាប្រចាំ។ ឯកឧត្តមថា ការកសាង និងបណ្តុះបណ្តាលគ្រូបង្គោល (Training of Trainer) ការទទួលស្គាល់ការវាយតម្លៃសញ្ញាបត្រតាមរយៈសមត្ថភាព និងបទពិសោធន៍ដែលទទួលបានកន្លងមក (RPL) ទាំងអស់នេះសុទ្ធតែមធ្យោបាយធ្វើយ៉ាងណាដើម្បីឱ្យកម្លាំងពលកម្មនៅក្នុងវិស័យទេសចរណ៍ កាន់តែមានគុណភាព ការទទួលស្គាល់ជាផ្លូវការទាំងកម្រិតជាតិ តំបន់ និងអន្តរជាតិ ដែលការងារនេះ ទាមទារឱ្យមានការចូលរួមពីសាលាបណ្តុះបណ្តាល លោកគ្រូ អ្នកគ្រូ ក៏ដូចជាភាគីពាក់ព័ន្ធវិស័យឯកជន ចូលរួមបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងវិស័យទេសចរណ៍។


សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០២៣ សមាគមក្លឹបទេសចរណ៍សៀមរាបក៏បានធ្វើការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍ ដល់យុវជនដែលមកពីគ្រួសារក្រីក្រ បានចំនួន៧០០នាក់ ក្នុងនោះនៅឆ្នាំ២០២៣ចំនួន ៣០០នាក់ នៅឆ្នាំ២០២៤ ចំនួន២០០នាក់ និងក្នុងឆ្នាំសិក្សា២០២៥ ចំនួន២០០នាក់។
លោក សែត កៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប បានលើកឡើងថា ការបណ្តុះបណ្តាលមិនបញ្ចប់ត្រឹមនេះទេ ។ សមាគមត្រៀមទទួលសិក្ខាកាមចំនួន ២០០នាក់ បន្ថែមទៀតសម្រាប់សិក្សាជំនាញក្នុងវិស័យទេសចរណ៍នៅក្នុងឆ្នាំសិក្សា២០២៦ ខាងមុខនេះ។ លោកបានបន្តថា តាមរយៈការអនុវត្តនូវកម្មវិធីបណ្តុះបណ្តាលកម្ពុជា (HoKa) អនុវត្តដោយសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប យើងបានសម្រួលកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ពីកម្មវិធីវគ្គបណ្តុះបណ្តាលខ្លី មកជាកម្មវិធីបណ្តុះបណ្តាលពេញម៉ោង ដោយសាលាបានបន្ថែមនូវកម្មវិធីជំនាញទន់ ទំនាក់ទំនង ភាសាបរទេស កុំព្យូរទ័រ និងជំនាញចាំបាច់មួយចំនួនទៀត ដែលបានផ្តល់ជាទុនដ៏រឹងមាំសម្រាប់សិក្ខាកាមយើងអាចធ្វើការបានយ៉ាងល្អប្រសើរ ក្នុងជំនាញវិជ្ជាជីវៈរបស់ខ្លួន និងមានលទ្ធភាពអភិវឌ្ឍសមត្ថភាពខ្លួនបានយ៉ាងល្អប្រសើរបន្ថែមទៀត៕