សៀមរាប៖ កាលពីយប់ថ្ងៃទី០៣ ខែឆ្នូ ឆ្នាំ២០២៥ កម្លាំងចម្រុះរបស់យោធា បានសហការគ្នាអនុវត្តន៍បទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជាការឯកភាពបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ចុះបង្ក្រាបបទល្មើសដឹកជញ្ជូន និងនេសាទលៀសខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។





ប្រតិបត្តិការនេះ បានដឹកនាំដោយ លោក វរសេនីយ៍ឯក ប៊ី រស្មីចន្នី សហការជាមួយកម្លាំងភូមិភាគទី៥ ដោយសម្រេចបានលទ្ធផល៖
រឹបអូសបានរថយន្ត សម្រាប់ដឹកជញ្ជូនលៀសសរុប ៤ គ្រឿង។
រឹបអូសបានទូកឈើ សម្រាប់ដឹកជញ្ជូនលៀសសរុប ២ គ្រឿង។
ដកហូតលៀស ដែលដឹកជញ្ជូនខុសច្បាប់បានសរុបចំនួន ៨៧ តោន។
ការចុះបង្ក្រាប និងអប់រំនេះ បានធ្វើឡើងនៅតាមគោលដៅសំខាន់ៗមួយចំនួន៖






គោលដៅទី១ និងទី២ (ឃុំកំពង់ឃ្លាំង ស្រុកសូនិគម):
វេលាម៉ោង ១០:០០ នាទីយប់ ដដែល កម្លាំងបានឃាត់រថយន្តដឹកជញ្ជូនលៀសចំនួន ២ គ្រឿង រួមនិងលៀសចំនួន ៣០ តោន។
ចាប់បានទូកឈើដឹកលៀសចំនួន ២ គ្រឿង និងរថយន្តចំនួន ១ គ្រឿង រួមនិងលៀសខុសច្បាប់ចំនួន ៣៨ តោន។
គោលដៅទី៤(ផ្លូវជាតិលេខ៦):
នៅវេលាម៉ោង ៦:៣០ នាទី កម្លាំងចម្រុះបានឃាត់រថយន្តចំនួន ១ គ្រឿង ដែលដឹកលៀសខុសច្បាប់ចំនួន ៧ តោន។
គោលដៅទី៣ (ឃុំកំពង់ឃ្លាំង ស្រុកសូនិគម):
ក្រៅពីការបង្ក្រាប កម្លាំងក៏បានធ្វើការអប់រំណែនាំដល់បងប្អូនប្រជានេសាទចំនួន ១២ គ្រួសារ ដែលបានប្រកបមុខរបរនេសាទលៀសខុសច្បាប់ ដើម្បីឲ្យពួកគាត់យល់ដឹងអំពីការប្រកបមុខរបរស្របច្បាប់តាមការណែនាំរបស់មន្ត្រីជំនាញ។






តាមការឲ្យដឹងពីកម្លាំងយោធា ការចុះបង្ក្រាបនេះគឺធ្វើឡើងតាមបទបញ្ជារបស់ថ្នាក់លើ ក្នុងគោលបំណងចង់រក្សានូវធនធានធម្មជាតិក្នុងបឹងទន្លេសាប ឲ្យបានសម្បូរគង់វង្សយូរអង្វែង។ កម្លាំងយោធាក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាប្រជានេសាទ ឲ្យជៀសវាងការប្រព្រឹត្តបទល្មើសខុសច្បាប់ ដែលមិនមានការអនុញ្ញាតពីមន្ត្រីជំនាញ៕










