កម្លាំងបរិស្ថានចុះបង្ក្រាប និងដកហូតឈើអារ បានជាង ៥ម៉ែត្រគូបត្រីគុណ ក្រោយពីឈ្មួញ បានដឹកជញ្ជូនយកមកលាក់ទុកក្នុងព្រៃក្រោយភូមិអ្នកស្រុក

កម្លាំងបរិស្ថានចុះបង្ក្រាប និងដកហូតឈើអារ បានជាង ៥ម៉ែត្រគូបត្រីគុណ ក្រោយពីឈ្មួញ បានដឹកជញ្ជូនយកមកលាក់ទុកក្នុងព្រៃក្រោយភូមិអ្នកស្រុក

ខេត្តព្រះវិហារ៖ ប្រតិបត្តិការចុះបង្ក្រាប និងដកហូតយកឈើ ដែលឈ្មួញបានដឹកជញ្ជូនយកមកលាក់ ទុក ត្រៀមដឹកចេញយកទៅធ្វើជំនួញដោយខុសច្បាប់នោះ បានធ្វើឡើងដោយកម្លាំង នៃមន្ទីរបរិស្ថានខេត្ត ព្រះវិហារ កាលពីថ្ងៃទី១៧កក្កដាឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប។


មន្ត្រីបរិស្ថានបាននិយាយថា ការចុះបង្ក្រាប និងដកហូតយកឈើទាំងនោះ គឺអនុវត្តតាមបទបញ្ជា ថ្នាក់លើ និងក្រោយពីទទួលបានការរាយការណ៍ ថាមានឈើជាច្រើនគំនរ ដែលត្រូវគេប្រទះឃើញ គរទុកនៅក្នុងព្រៃក្រោយភូមិអ្នកស្រុក បន្ទាប់មកកម្លាំងស្នាក់ការបរិស្ថាន នៅក្នុងមូលដ្ឋាននោះ បានចុះទៅ ដល់ទីតាំងគំនរឈើនោះ ហើយបានធ្វើការដកហូត និងដឹកជញ្ជូនយកមករក្សាទុក ជាសម្បត្តិរដ្ឋ។


មន្ត្រីដដែលបានអោយដឹងទៀតថា ឈើដែលបង្ក្រាប និងដកហូតបាននៅក្នុងពេលនោះ ពុំមាន ឃើញម្ចាស់នោះទេ គឺជាឈើដែលត្រូវបានគេដឹកជញ្ជូន យកមកគរទុកចោល ក្នុងព្រៃក្រោយភូមិអ្នកស្រុក ហើយក្នុងឧិកាសល្អ ក្រុមឈ្មួញនឹងធ្វើការដឹកជញ្ជូន តាមមធ្យោបាយជាច្រើនប្រភេទ យកទៅលក់នៅ ក្រៅរង្វង់ដែនដីខេត្តព្រះវិហារ ។ តែទោះជាយ៉ាងណា ឈើអារថ្មីៗទាំងអស់នេះ ត្រូវបានដកហូតនោះហើយ និងឈើទាំងអស់មានចំនួន សរុប ៥ម៉ែត្រគូបត្រីគុណ ៣៨១១ ហើយនៅគ្រាបច្ចុប្បន្ន ឈើទាំងអស់កំពុង រក្សាទុកនៅស្នាក់ការបរិស្ថាន នៃឃុំម្លូព្រៃមួយ ស្រុកឆែប ដើម្បីចងក្រងសំណុំរឿង ចាត់ការតាមនីតិវិធី៕