អភិបាលខេត្តកែបនឹងមានចាត់វិធានការក្ដៅទៅលើឈ្មួញណាដែលហ៊ានកាប់ទន្ទ្រានយកដីព្រៃកោងកាងមកធ្វើកម្មសិទ្ធិ

ខេត្តកែប=មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅភូមិអំពែង ភូមិអង្កោល ឃុំអង្គោល ស្រុកដំណាក់ចង្អើរ ខេត្តកែបបានឲ្យដឹងថា ដីព្រៃកោងកាងលិចទឹកនៅក្នុងមូលដ្ឋានពួកគាត់ជាប់មាត់សមុទ្រ កំពុងរងការកាប់ទទ្រ្ទានពីអ្នកមានលុយ អ្នកមានអំណាចដោយយកគ្រឿងចក្រមកឈូសឆាយហ៊ុំមព័ទ្ធយកដីព្រៃកោងកាងធ្វើជាកម្មសិទ្ធិយ៉ាងគឃ្លើនដោយមិនញញើតអ្វីទាំងអស់។

  ប្រជាពលរដ្ឋបានលើកឡើងថាលោកសោមពិសិដ្ឋ អភិបាលខេត្តកែប និងប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្តកែបមិនទាន់មានវិធានការទប់ស្កាត់ករណីអ្នកមានលុយមានអំណាចដែលកំពុងទន្ទ្រានកាន់កាប់ដីព្រៃកោងកាងលិចទឹកនៅឡើយទេ។ជាងនេះទៅទៀតអាជ្ញាធរមូលដ្ឋានថ្នាក់ឃុំ ថ្នាក់ស្រុកហាក់ដូចជាញញើតជាមួយនឹងឥទ្ធិពលឈ្មួញអ្នកមានអំណាច បានបណ្ដែបណ្តោយឲ្យឈ្មួញទាំងនោះធ្វើសកម្មភាពកាយព្រំដីហ៊ុំមព័ទ្ធកាប់ទន្ទ្រានព្រៃកោងកាងលិចទឹកយកធ្វើជាកម្មសិទ្ធិយ៉ាងរលូនគ្មានការរារាំងឡើយ ។

   ពលរដ្ឋខ្លះទៀតដាក់ការសង្ស័យថាប្រសិនបើលោកអភិបាលខេត្តកែប ប្រធានមន្ទីរកសិកម្មនិងប្រធានមន្ទីរបរិស្ថានខេត្តកែបព្រមទាំងមន្ត្រីរដ្ឋបាលជលផលមិនបើកដៃទេ ម្លេះឈ្មួញក៏មិនហ៊ានទន្ទ្រានកាន់កាប់ដីព្រៃកោងកាងលិចទឹកតាមអំពើចិត្តនោះឡើយ។

អ្នកសារព័ត៌មានយើងបានទំនាក់ទំនងតាមទូស័ព្ទទៅលោក ផឹងបូរិន្ទប្រធានមន្ទីរកសិកម្មខេត្តកែបដើម្បីសុំការបំភ្លឺ ពាក់ព័ន្ធនិងការកាប់ឆ្ការព្រៃលិចទឹកនៅចំនុចខាងលើជាច្រើនដងតែលោកមិនលើកទូស័ព្ទ។

 លោកស្រី គឹមចាន្នី អភិបាលស្រុកដំណាក់ចង្អើរបានឲ្យដឹងថា លោក ស្រីនិងរកវិធានការទប់ស្កាត់ការកាប់ឆ្ការព្រៃកោងកាងនេះឱ្យបាន។

លោក សោមពិសិដ្ឋ អភិបាលខេត្តកែបបានឆ្លើយតបនិងអ្នកសារព័ត៌មានយើងថា លោកនិងរកវិធានទប់ស្កាត់អ្នកកាប់ឆ្ការព្រៃកោងកាង ធ្វើជាកម្មសិទ្ធិមកដាក់ទោសតាមច្បាប់។លោកថា ព្រៃកោងកាងគឺជាសម្បត្តិធនធានធម្មជាតិមិនអាចអោយអ្នកណាម្នាក់មករំលោភយកធ្វើជាកម្មសិទ្ធិបាននោះទេ៕