អភិបាលខេត្តកំពង់ធំអំពាវនាវដល់ស្ថាប័នអប់រំរដ្ឋ និងឯកជនប្រកាន់ភ្ជាប់វិធានការអនាម័យក្នុងដំណើរការចូលរៀនឡើងវិញ

កំពង់ធំ៖នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១, ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញក្នុងពិធីបើកបវេស្សនកាលឆ្នាំសិក្សា២០២០-២០២១ នៅវិទ្យាល័យហ៊ុន សែន បល្ល័ង្ក ស្ថិតក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ក្នុងពិធីនេះឯកឧត្តម លើកឡើងផ្តោតសំខាន់លើការអនុវត្តវិធានការអនាម័យរបស់ក្រសួងសុខាភិបាល ជាពិសេសការអនុវត្តតាមអនុសាសន៍ និងសាលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា (គន្លងថ្មីក្នុងវិស័យអប់រំ) ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ឲ្យខានតែបាន។

ឯកឧត្តមបន្តថា ផលប៉ះពាល់នៃឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ គឺជាជំងឺរីករាលដាលជាសកល ដែលធ្វើឲ្យប៉ះពាល់ដល់គ្រប់វិស័យ ក្នុងនោះវិស័យអប់រំក៏បានរងផលប៉ះពាល់ផងដែរ។ បើទោះបីជាយ៉ាងនេះក្តី កម្ពុជាយើងក៏មិនអាច មិនដំណើការ ការអប់រំបានដែរ ព្រោះការអប់រំគឺវិស័យមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្ស។ ដូច្នេះដើម្បីឲ្យការអប់រំ កាន់តែមានប្រសិទ្ធភាព និងគុណភាព លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ចាំបាច់ត្រូវរួមគ្នាដើរចូលទៅក្នុងការអប់រំឡើងវិញ ប្រកបដោយអនាម័យ ដោយអនុវត្តន៍តាមវិធានសុខាភិបាលផង និងសាលិខិតរបស់សម្តេចតេជោ ប្រមុខនៃរាជរដ្ឋាភិបាលផង។

ជាមួយគ្នានេះផងដែរ លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំបញ្ជាក់ដែរថា នៅក្នុងខេត្តកំពង់ធំ មានអគាសិក្សាសរុបចំនួន១.២២២ខ្នង ស្មើរ៥.១០១បន្ទប់ ក្នុងនោះអគារសិក្សារបស់សម្តេចតេជោមានចំនួន១៩៧ខ្នង ស្មើរ ៩៧៧បន្ទប់។ ក្នុងឆ្នាំសិក្សា២០១៩-២០២០ កន្លងទៅ សិស្សដែលបញ្ចប់ និងជាប់ជាស្ថាពរតាមសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា មាន៖ មធ្យមសិក្សាទុតិយ្យភូមិសរុបចំនួន៤.៩៣០នាក់ ស្រីចំនួន២.៨០៤នាក់ និងជាប់ធម្យមសិក្សាបឋមភូមិសរុប ចំនួន៧.៩៤៩នាក់ និងស្រីចំនួន៤.៥២៧នាក់។