ប្រជាកសិករបីសង្កាត់ធ្វើការតវ៉ារក្សាដីបាតអាងទំនប់៧៨


សៀមរាប= នៅព្រឹកថ្ងៃទី១៥ ខែមករានេះ នៅមុខសាលាខេត្តសៀមរាប បងប្អូនប្រជាពលរដ្ឋមកពីសង្កាត់ចំនួន៣ ក្នុងក្រុងសៀមរាប បានលើកគ្នាមកសុំឲ្យអភិបាលខេត្តសៀមរាប ជួយអន្តរាគមន៍ រក្សាទុកនូវដីបាតអាងទំនប់៧៨ ទំហំ១ពាន់៩៦ហិចតា ខណៈដែលដីបាតអាងនេះ ត្រូវបានគេឃុបឃិតគ្នាលួចលក់ទៅឲ្យឈ្មួញនៅភ្នំពេញធ្វើអាជីវកម្ម ។


បន្ទាប់ពីបានការអនុញ្ញាតឲ្យតំណាងបងប្អូនប្រជាកសិករ អាស្រ័យផលដោយធ្វើស្រែប្រាំង នៅតំបន់ទំនប់អាងទឹក៧៨ មកពីសង្កាត់សៀមរាប សង្កាត់ស្វាយដង្គំ និង សង្កាត់ សំបួរ ក្រុងសៀមរាប ចូលជួបធ្វើការពិភាក្សា ដោះស្រាយ អំពីទុក្ខកង្វល់របស់បងប្អូន ដែលរងគ្រោះដោយក្រុមឈ្មួញបានឃុប ឃឹតគ្នា ធ្វើការចាក់ដីលុបបាតអាង ជាសម្បត្តិរដ្ឋ ដែលធ្វើឲ្យផ្ទៃទឺកអាងកាន់តែរួមតូច ធ្វើឲ្យខ្វះខាតទឹកក្នុង ការស្រោចស្រពដំណាំស្រូវប្រាំងមិនបានគ្រប់គ្រាន់នោះ ទើបបណ្តាលឲ្យមានការផ្ទុះការតវ៉ាជាមួយលើក ហើយមួយលើកទៀត ។ ក្នុងនោះតំណាងប្រជាកសិករទាំងបួនសង្កាត់ ក៏បានសំណូមពរដល់អាជ្ញាធរខេត្ត ឲ្យមានវិធានការចំពោះក្រុមឈ្មួញទាំងនោះ ព្រមទាំងត្រូវធ្វើការបោះកំណត់ព្រំប្រទល់ឲ្យបានច្បាស់លាស់ និង ធ្វើការបញ្ឈប់ការសាងសង់សំណង់រឹង នៅបាតផ្ទៃអាង និង ឲ្យក្រុមឈ្មួញទាំងនោះត្រូវគោរពទៅតាមកិច្ចសន្យា ដែលបានព្រមព្រៀងគ្នាកន្លងមក ដែលមានអាជ្ញាធរក្រុងសៀមរាប ដែលបានធ្វើការដោះស្រាយនាពេលនោះ ។ ម៉្យាងទៀតក៏បានសុំឲ្យអាជ្ញាធរខេត្ត ជួយធ្វើ អន្តរាមន៍ ចំពោះជនដែលបានជួលដីឲ្យប្រជាកសិករធ្វើស្រែប្រាំងនៅនឹងបាតអាង ដែលធ្វើឲ្យអ្នកនៅខាង ក្រោមខ្វះខាតទឹកស្រោចស្រពដំណាំស្រូវ ។


មានប្រសាសន៍នោះដែរ លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្ត ក៏បានលើកផងដែរថា ក្នុងករណីនេះ បានកើតឡើងជាយូឆ្នាំមកហើយ ដែលអាជ្ញាធរខេត្ត ក្រុងសៀមរាប បានធ្វើការដោះស្រាយជូនបងប្អូនរួចរាល់ ហើយក៏បានធ្វើការបញ្ចប់មួយរយៈទៅ ព្រមទាំងឯកឧត្តមអភិបាលខេត្ត ក៏បានចុះទៅពិនិត្យនៅតាមបណ្តោយទំនប់ទឹក៧៨ ចាប់ពី ស្រុកជីក្រែង ទៅដល់ស្រុកពួកផងដែរ ។ តែក្នុងពេលនេះស្របពេលដែលនៅលើពិភពលោកជួបនូវវិបត្តិជម្ងឺកូវិដ១៩ និង និយាយដោយឡែកនៅកម្ពុជាយើងក៏រងផលប៉ះពាល់ផងដែរ សំខាន់ក្នុងវិស័យសេដ្ឋកិច្ចទេសចរណ៍នៅខេត្តសៀមរាប ។ បន្ទាប់ពីមានការស្ងប់ស្ងាត់មួយរយៈក៏ស្រាប់តែមានជនឆ្លៀតឱកាសធ្វើការចាក់ដី និង ជីកកកាយដីបាតអាងធ្វើអាជីវកម្ម ព្រមទាំងបានធ្វើសំណង់រឹងនៅបាតផ្ទៃអាង ដោយគ្មានច្បាប់អនុញ្ញាតទៅតាមអំពើចិត្តរបស់ខ្លួន ។

ក្រោយពីបានស្តាប់ នូវដំណើររឿង និង សំណូមពររបស់បងប្អូនតំណាងប្រជាកសិករទាំងបួនសង្កាត់ ដែលបានលើកឡើងមក លោក សុខ ថុល បានលើកឡើងថា ចំពោះទង្វើនេះ លោកនឹងរាយការណ៍ជូនដល់ឯកឧត្តមអភិបាលខេត្តដើម្បីសម្រេច និងមានវិធានការជូនបងប្អូនប្រជាពលរដ្ឋ និង ដើមី្បចុះទៅធ្វើការត្រួតពិនិត្យភាពជាក់ស្តែង សំខាន់ពិនិត្យលើរាល់សំណង់ទាំងឡាយដែលមាននៅក្នុងផ្ទៃអាង តើត្រូវបានការអនុញ្ញាតការសាងសង់ពីថ្នាក់ណាផងដែរ ៕