ខេត្តឧត្ដរមានជ័យ៖ ទីតាំងលក់សាច់សត្វព្រៃខុសច្បាប់ជាច្រើនកន្លែងនៅផ្សារស្ពានអូរជីក អាជ្ញាធរសមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុកអន្លង់វែង អត់បើកភ្នែកមើលធ្វើការបង្ក្រាបទាល់តែសោះ។
ជាក់ស្ដែងនៅថ្ងៃសៅរ៍ ទី17 ខែសីហា ឆ្នាំ2024 សារព័ត៌មានយើងបានចុះទៅថតផ្ដិតយករូបភាពនៅទីកន្លែងនោះផ្ទាល់ បានឃើញកន្លែងទីតាំងលក់សាច់សត្វព្រៃជាច្រើនកន្លែង ដោយឃើញមានដាក់លក់សត្វព្រៃជាច្រើនប្រភេទដូចជា សត្វឈ្លូស អណ្ដើក ក្ដាន់ញ៉ែង សំពោច ពពូល ត្រកួត ជ្រូកព្រៃ និងសាច់សត្វផ្សេងៗជាច្រើនទៀត។
សូមបញ្ជាក់ផងដែរថា ទីតាំងជួញដូរលក់សាច់សត្វព្រៃគ្រប់ប្រភេទជាច្រើនកន្លែងនេះ បានធ្វើសារាចរណ៍ដាក់លក់ជារៀងរាល់ថ្ងៃ រាប់ខែរាប់ឆ្នាំកន្លងមកហើយ ពុំដែលឃើញមាន អាជ្ញាធរសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋានស្រុកអន្លង់វែង ចុះធ្វើការទប់ស្កាត់បង្ក្រាបសោះឡើយ បណ្ដោយឲ្យពួកឈ្មួញទុច្ចរិតរកស៊ីជួញដូរយ៉ាងអនាធិបតេយ្យ បំផ្លិចបំផ្លាញសត្វព្រៃដែលនៅសេសសល់បន្តិចបន្តួចស្ទើរតែរលាយផុតពូជអស់ទៅហើយ។
ប្រជាពលរដ្ឋនិងមហាជនជាច្រើនបានសំណូមពរ ទៅដល់មន្ត្រីជំនាញពាក់ព័ន្ធថ្នាក់ជាតិ សូមចាត់វិធានការបង្ក្រាបទីតាំងជួញដូរសត្វព្រៃជាច្រើនកន្លែងខាងលើនេះផង បើសង្ឃឹមលើទៅមន្ត្រីមូលដ្ឋាន ក្នុងស្រុកអន្លង់វែងនិង ខេត្តឧត្ដរមានជ័យ ឲ្យធ្វើការបង្ក្រាបនោះ គឺអសកម្មខ្លាំងណាស់៕