ខេត្តសៀមរាប= នៅព្រឹកថ្ងៃទី០៣ ខែ កញ្ញា ឆ្នាំ២០២៤នេះ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក រួមជាមួយនិងក្រុមប្រឹក្សាសង្កាត់គោកចក ក្រុងសៀមរាប បាននិមន្ត និងអញ្ជើញប្រគល់អណ្តូងស្នប់ទឹកដែលជាអំណោយរបស់សប្បុរសជននៅប្រទេសអូស្រ្តាលី ចំនួន៣គ្រួសារ ព្រមទាំងបានយកគ្រឿងឧបភោគបរិភោគជូនដល់គ្រួសារខ្វះខាតនៅក្នុងភូមិ ខ្វៀន និង ភូមិនគរក្រៅ ក្នុងសង្កាត់គោកចកផងដែរ ។


ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន បានមានសង្ឃដីកាថា ការផ្ដល់អណ្ដូងទឹកនេះ ក្នុងគោលដៅ ដើម្បីចូលរួមក្នុងការងារសង្គមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ លើបញ្ហាកង្វះទឹកប្រើប្រាស់ ដោយត្រូវចុះជីកអណ្តូងទឹកនៅតាមភូមិ ជូនដល់បងប្អូនដែលមានតម្រូវការប្រើប្រាស់ទឹកនៅរដូវប្រាំងនិងបម្រើដល់ផលប្រយោជន៍នានាដែលកំពុងតែប្រឈមខ្លាំងបំផុត ។ ព្រះគ្រូចៅអធិការ បានមានសង្ឃដីកាបន្ថែមថាបញ្ហាសុខភាព និង សេដ្ឋកិច្ច របស់ប្រជាពលរដ្ឋ គឺជាគន្លឹះដ៏សំខាន់ ដូច្នេះទឹកគឺជាជីវិត ជាចំណែកមួយដែលជួយដល់សុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេសនៅរដូវគ្រោះរាំងស្ងួតនេះតែម្តង បើគ្មានទឹក ឬ មានការប្រើប្រាស់ទឹកមិនស្អាត នោះនាំឲ្យប្រជាពលរដ្ឋ រងនូវជម្ងឺសង្កាត់ ផ្សេងៗ ដល់ក្រុមគ្រួសារ និងធ្វើឲ្យខាតបង់ប្រាក់កាស មិនអាចប្រកាបរបរចិញ្ជឹមជីវិតបាន និងនាំឲ្យសេដ្ឋកិច្ចគ្រួសារមានការចុះអន់ថយ ។


ក្នុងនាមក្រុមប្រឹក្សាសង្កាត់ លោកស្រី ញ៉ក់ មនោរ័ត្ន សមាជិកក្រុមប្រឹក្សាសង្កាត់ ក៍បានមានប្រសាសន៍ថ្លែងអំណរគុណ ដល់សប្បុរសជននៅប្រទេសអូស្រ្តាលីដែលបានបរិច្ចាគទ្រព្យសម្បត្តិ តាមរយះព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ដើម្បីធ្វើអណ្តូងទឹកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានការខ្វះខាតនាពេលនេះ ។ ក្នុងនោះផងដែរលោកស្រី ក៏បានមានប្រសាសន៍បន្ថែមថា តាមរយៈអណ្ដូងនេះ នឹងជួយសម្រាលបន្ទុកមួយចំនួន ដើម្បីជួយដល់ការរស់នៅរបស់បងប្អូន ក្នុងការប្រើប្រាសប្រចាំថ្ងៃ មិនពិកបាកទៅយកទឹកពីកន្លែងឆ្ងាយដែលមិនមែនជាប្រភពទឹកស្អាត ក្នុងការប្រើប្រាស់ ចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំមួយចំនួន សម្រាប់ចិញ្ចឹមជីវិត ។ លោកស្រីបានណែនាំនិង ធ្វើការសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានការប្រើប្រាស់ទឹកអណ្តូងស្នប់នេះ សូមថែរក្សា និងឲ្យការប្រើប្រាស់បានយូរអង្វែងតទៅ ដើម្បីជួយបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ដែលខ្វះខាតទឹកប្រើប្រាស់ ជាពិសេសឆ្លើយតបគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីការផ្គត់ផ្គង់ទឹកស្អាតផងដែរ ៕