ប្រជាពលរដ្ឋជនជាតិខ្មែរឥស្លាមជាង ៥០នាក់ មកស្នើសុំដីព្រៃឈើសហគមន៍ រតនៈរុក្ខា ដើម្បីអាស្រ័យផលនៅរដូវវស្សា

ឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ ជនជាតិខ្មែរឥស្លាមប្រមាណជាង ៥០នាក់ មកពីភូមិគីរីវន្ត័សែនជ័យ (ហៅ ភូមិឥស្លាម) ស្ថិតនៅក្នុងសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃចន្ទទី១០ខែឧសភាឆ្នាំ២០២១ បានមកជួបជុំគ្នានៅផ្នែករដ្ឋបាលព្រៃឈើសំរោង ក្នុងគោលបំណង មកស្នើសុំដីធ្លីនៅក្នុងតំបន់ដីព្រៃឈើសហគមន៍រតនៈរុក្ខា អាស្រ័យផលបណ្ដោះអាសន្ន ដោយពួកគាត់អះអាងថាគ្មានដីស្រែចំការ អាស្រ័យផលនារដូវវស្សាខាងមុខនេះ ។

លោក ខន ខែម ផ្នែករដ្ឋបាលព្រៃឈើសំរោង បានថ្លែងបញ្ជាក់ប្រាប់ពីគោលបំណង ដីព្រៃឈើសហគមន៍ រតនៈរុក្ខា ជូនបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមថា ដីព្រៃឈើសហគមន៍ ជាដីរបស់រដ្ឋ និងជាដីសហគមន៍របស់បងប្អូនប្រជាពលរដ្ឋដែលមានតួនាទីការពារនិងថែរក្សា ចំណែកខ្ញុំជាមន្ត្រីរដ្ឋបាលព្រៃឈើមិនមានសិទ្ធិអំណាចបែងចែកអោយបងប្អូនណាម្នាក់បាននោះទេ ។

បើសិនបងប្អូនគ្មាន ដី ស្រែ ចំការ អាស្រ័យផលពិតប្រាកដមែន បងប្អូនត្រូវស្នើសុំទៅតាមអាជ្ញាធរ ភូមិ សង្កាត់ ក្រុង ខេត្ត ដើម្បីឲគាត់រៀបចំសំណើរតាមនិតិវិធីច្បាប់ ទើបបងប្អូនអាចធ្វើការអាស្រ័យផលបាន ។

ក្នុងឪកាសនោះដែលលោក ខន ខែម អំពាវនាវនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋថា ព្រៃឈើមានផលប្រយោជន៍ និងសារសំខាន់ណាស់
ទី១/ជាជម្រកសត្វព្រៃ និងសត្វមច្ឆាគ្រប់ប្រភេទ។
ទី២/ផ្តល់ឈើសម្រាប់ធ្វើសំណង់ ផ្ទះ តុ ទូ និងគ្រឿងសង្ហារឹមផ្សេងៗ។
ទី៣/ជួយរក្សាលំនឹងអាកាសធាតុ ( ភ្លៀងធ្លាក់ទៀងទាត់ )
ទី៤/ផ្តល់ខ្យល់អាកាសបរិសុទ្ធ
ទី៥/ជួយទប់ទល់ខ្យល់ព្យុះនិងទឹកជំនន់
ទី៦/ជួយការពារការហូរច្រោះដី
ទី៧/ធ្វើឲ្យដីមានជីជាតិ
ទី៨/ជួយទាក់ទាញទឹកភ្លៀង
ទី៩/ជួយស្រូកយកឩស្ម័នអុកស៊ីសែនដល់មនុស្ស។

ដូច្នេះហើយយើងជាប្រជាពលរដ្ឋរួមគ្នាសហការ ការពារ និងថែរក្សាព្រៃឈើ សហគមន៍យើងទាំងអស់គ្នា ។ ក្រោយមានការពន្យល់នែនាំដល់ពួកគាត់រួច ពួកគាត់បានយល់ព្រមរួចទៅផ្ទះរៀងៗខ្លួនវិញ៕