បែកធ្លាយភាពមិនប្រក្រតី របស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ពាក់ព័ន្ធនិងការបើកដៃឲ្យឈ្មួញធំៗនាំចូលដឹកទំនិញគេចពន្ធ

ភ្នំពេញ៖ យោងតាមប្រភពព័ត៏មានពីមន្រ្ដីតូចតាច បានអោយដឹងថា ភាពមិនប្រក្រតី របស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ កំពុងត្រូវបានលាតត្រដាង ជាបន្តបន្ទាប់ ពាក់ព័ន្ធថាបានឃុបឃិតគ្នាជាមួយ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ ក្នុងការបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមច្រកនេះយ៉ាងរលូន។

យោងតាមប្រភពបានបន្ដឲ្យដឹងថា កន្លងមកករណី មន្ត្រីស្នាក់ការច្រកទ្វារអន្តរជាតិជាំ ហ៊ានបើកបារ៉ាស់ឲ្យឈ្មួញដឹកជញ្ជូនធ្យូង ជ័រទឹក ចេញទៅស្រុកសៀមយ៉ាងពេញបន្ទុកគឺមានការសម្របសម្រួលពីសំណាក់មេគយច្រកជាំផងដែរ។ ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរពិនិត្យឡើងវិញខ្លះផងព្រោះលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ និងមេៗគយតាមច្រកព្រំដែនក្នុងខេត្តឧត្តរមានជ័យ កំពុងល្បីល្បាញរឿងអាស្រូវយ៉ាងពេញបន្ទុក។

  មានការលើកឡើងថា ចាប់តាំងពីលោក ឈុន សុភមង្គល ទទួលបានតំណែងជាមេគយខេត្តឧត្តរមានជ័យ រហូតមកដល់ពេលនេះគឺលោក ឈុន សុភមង្គល សាងភាពល្បីល្បាញរឿងអាស្រូវជាច្រើន។ ប្រភពបានដឹងទៀតថា បច្ចុប្បន្នដោយសារមានការបើកដៃពីសំណាក់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ និងលោក គួន សុភាព មេគយចល័តខេត្តឧត្តមានជ័យ ទើបមេៗគយនៅច្រកទ្វារអន្តរជាតិជាំ និងច្រកជប់គគីរ ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។

   ជុំវិញការលើកឡើងនេះបណ្ដាញអង្គភាព រិទ្ធីដាវដែក មិនអាចទាក់ទង លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ដើម្បីបំភ្លឺបាននៅឡើយទេ ដោយមិនមានលេខទូរស័ទ្ទ ទោះយ៉ាងណាអង្គភាពយើងរងចាំការបំភ្លឺពីលោក ឈុន សុភមង្គល គ្រប់ម៉ោងធ្វើការ ៕