អាជ្ញាធរស្រុកសូទ្រនិគម សម្រេចយកវិទ្យាល័យដំដែក ធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ដែលមកពីស្រុកចំនួន៣ជាប់ព្រំប្រទល់គ្នា

សៀមរាប= នៅក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ នៅក្នុងស្រុកសូទ្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាបមានអ្នកវិជ្ជមានកូវីដ-១៩ កើនឡើងជាបន្តបន្ទាប់គួរឲ្យពួ្រយបារម្ភ និងមិនដែលធ្លាប់មាននៅក្នុងខេត្តសៀមរាប ។

នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១រដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៤៦នាក់ ភាគច្រើនជាអ្នកស្រុកជីក្រែង និងសូទ្រនិគម ជាពិសេសអ្នកបម្រើការងារនៅហាងពិភពធម្មជាតិ  ។

   លោក ម៉ក់ ប្រុស អភិបាលនៃគណៈអភិបាលស្រុកសូទ្រនិគម បានឱ្យដឹងថា ដោយសារតែអ្នកវិជ្ជមានកូវីដ-១៩នៅតំបន់នេះ មានការកើនឡើងជាបន្តបន្ទាប់ រដ្ឋបាលខេត្តសៀមរាប បានសម្រេចឲ្យរដ្ឋបាលស្រុកយកទីតាំងវិទ្យាល័យដំដែក ស្ថិតនៅក្នុងទីរួមស្រុកសូទ្រនិគម ធ្វើជាកន្លែងព្យាបាលអ្នកជម្ងឺកូវីដ-១៩ ដែលមកពីស្រុកចំនួន៣ជាប់ព្រំប្រទល់គ្នា គឺសូទ្រនិគម ស្រុកជីក្រែង និងស្រុកស្វាយលើ  ។

 ឥឡូវនេះអាជ្ញាធរស្រុកបានរៀបចំកន្លែងរួចរាល់ហើយដែលជំហានដំបូងនេះ ទីតាំងនេះអាចដាក់អ្នកជម្ងឺបានចំនួន ៦០នាក់  ។  លោកបានបន្តថា ដោយសារតែអ្នកពាក់ព័ន្ធមានច្រើន ដូចនេះក្រុមគ្រួពេទ្យ បានចុះទៅយកសំណាកពួកគាត់នៅតាមគោលដៅនីមួយៗ ដោយមិនឲ្យពួកគាត់ប្រមូលផ្តុំគ្នាច្រើននោះទេ ។

 ពាក់ព័ន្ធនឹងបញ្ហានេះដែរ អាជ្ញាធរមិនទាន់សម្រេចបិទភូមិណាមួយនៅឡើយទេ ដោយសម្រេចបិទតែតាមតំបន់  មួយៗ ដែលមានការប៉ះពាល់ប៉ុណ្ណោះ ព្រោះនៅតំបន់ជនបទអ្នកភូមិរស់នៅឆ្ងាយៗពីគ្នា  ។

   សូមបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាបបង្ហាញថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ  មានការឆ្លងរាលដាជម្ងឺ កូវីដ-១៩ ក្នុងសហគមន៍ស្រុកសូទ្រនិគម និងស្រុកជីក្រែង សរុបចំនួន៦៦នាក់ (ស្រុកសូទ្រនិគម៣១នាក់ និង ស្រុកជីក្រែង៣៥នាក់) ដែលករណីនេះ គឺជាការឆ្លងក្នុងសហគមន៍ ហើយពុំទាន់អាចកំណត់មុខសញ្ញាច្បាស់លាស់ អំពីប្រភព នៃការឆ្លងរាលដាលជម្ងឺកូវីដ-១៩នៅឡើយ ។

  រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងរាលដាលជម្ងឺកូវីដ-១៩ ក្នុងសហគមន៍ ក្នុងភូមិសាស្រ្តស្រុកសូទ្រនិគម និង ស្រុកជីក្រែង ខេត្តសៀមរាប ដោយត្រូវបន្តអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជូន តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល នូវវិធានការ”៣កុំ  ៣ការពារ” និងអនុវត្តន៍វិធានការរបស់ក្រសួងសុខាភិបាលឲ្យបានជាប្រចាំ  ៕