កែវដំណក់ប្រេងដំបូងរបស់កម្ពុជាបានតម្កល់ទុកនៅវិមាននយោបាយ ឈ្នះ-ឈ្នះ ចារទុកជាប្រវត្តិសាស្ត្រ

ភ្នំពេញ = កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ថ្លែងថា ដំណក់ប្រេងដំបូងដែលកម្ពុជាទទួលបាន គឺ ជាសមិទ្ធិផលប្រវត្តិសាស្ត្រ ហើយក៏ជានិមិត្តរូបនៃភាពជោគជ័យរបស់កម្ពុជាទាំងមូល ដែលយើងខ្ញុំ ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេសបានទន្ទឹងរង់ចាំជាច្រើនជំនាន់មកហើយ ។

  កែដំណក់ប្រេងដំបូងនេះ គឺ ជានិមិត្តរូបនៃធនធានប្រេងកាតរបស់ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានរៀបចំឡើងតាមរចនាបទខ្មែរ និង សូមប្រគល់ជូន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានគណៈកម្មការសាងសង់វិមាននយោបាយ ឈ្នះ-ឈ្នះ ដើម្បីតម្កល់ទុកជាប្រវត្តិសាស្ត្រ ។

   លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលថ្លែងទៀតថា ដំណក់ប្រេងដំបូងរបស់កម្ពុជា ក្នុងបរិបទសេដ្ឋកិច្ចពិភពលោកដ៏លំបាកដែលគំរាមកំហែងដោយមេរោគរាតត្បាតកូវីដ១៩ គឺ ជាសក្តីភាពនៃការខិតខំប្រឹងប្រែង អំណត់ព្យាយាម និង ពុះពារសម្រេចជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង វិនិយោគិនដែលយើងខ្ញុំទាំងអស់គ្នាសូមចូលរួមកោតស្ងប់ស្ងែង ៕