ក្រុមហ៊ុនកាស៊ីណូStar Complex នៅក្រុងប៉ោយប៉ែតមិនសហការអោយយកសំណាករកកូវីដ ១៩ រដ្ឋបាលនិងកម្លាំងថាត្រូវចាត់ការក្តៅ

បន្ទាយមានជ័យ = មានវិធានការពីមន្ត្រីអាជ្ញាធរដែនដី សមត្ថកិច្ចជំនាញសុខាភិបាល កងនគរបាល កងរាជអាវុធហត្ថនិងកងទ័ពលើ ករណីអ្នកទទួលខុសត្រូវក្រុមហ៊ុនកាស៊ីណូ star complex ឬផ្កាយ៥ ថ្មី នាភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត បន្ទាយមានជ័យ ដែលមិនព្រមសហការអោយយកសំណាកលើបុគ្គលិកសង្ស័យវិជ្ជមានកូវីដ ១៩ ។

   លោក ង៉ោ ម៉េងជ្រួន អភិបាលរងនិងជាតំណាងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ ថ្លែងថា ករណីនេះ បើក្រុមហ៊ុននៅតែមិនសហការអោយបុគ្គលិកខ្លួនចេញមកយកសំណាករកមេរោគកូវីដ ១៩ តាមវិធានការសុខាភិបាលនិងច្បាប់ស្តីពីជម្ងឺកូវីដ ១៩និងជម្ងឺកាចសាហាវ នោះមានតែចាប់ខ្លួនហើយ ។

  ឧត្តមសេនីយ៍ទោ សេង ធារិន ថ្លែងដូច្នេះលោកនិងក្រុមការងារចុះពិនិត្យការអនុវត្តវិធានការរដ្ឋបាល លើការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវិដ១៩ នៅក្នុងសហគមន៍ក្នុងមូលដ្ឋាននៃភូមិក្បាលស្ពានសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ។

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១  ក្រុមការងារ អាជ្ញាធរមានសមត្ថកិច្ចនិងគ្រូពេទ្យជួរមុខបាន ចុះពិនិត្យយក សំណាក នៅទីតាំង ក្រុមហ៊ុនStar Complex ខាងលើ ។

ពោលគឺដោយសារជាបន្តបន្ទាប់មានបុគ្គិលក្រុមហ៊ុន ខាងលើ ចំនួន៣៦នាក់បានស្ម័គ្រចិត្ត ចេញពីទីតាំងខាងលើ ទៅពិនិត្យសំណាកតាមរយៈឧបករណ៍តេស្តរហ័ស(Rapid Testh ជាលទ្ធផល ក្រុមការងារបានរកឃើញមានអ្នកវិជ្ជមានកូវីដ១៩ ចំនួន ១៣នាក់ ។

   មូលហេតុ ដែលក្រុមការងារអាជ្ញាធរសមត្ថកិច្ច បានបន្តស្រាវជ្រាវយកអ្នកពាក់ព័ន្ធឱ្យទៅពិនិត្យបន្ត ដោយក្រុមការងារ ថ្នាក់ខេត្ត ចុះមក សុំកិច្ចសហការ។ហើយមានប្រភពព័ត៌មានខ្លះថា ក្រុមហ៊ុននេះនៅបានគម្រាមកំហែង បំភិតបំភ័យដល់បុគ្គលិកខ្លួនមិនអោយចេញក្រៅផ្តល់សំណាកផងដែរ ។

  ករណីនេះបុគ្គលិកសន្តិសុខក្រុមហ៊ុនត្រូវបានមន្ត្រីស្រង់សំដីដូចដែលនិយាយថា៖  បុគ្គលិកដែលសង្ស័យត្រូវបានក្រុមហ៊ុនអនុញ្ញាតិអោយចេញក្រៅផ្តល់សំណាកហើយ ។

ក្នុងនោះអ្នកវិជ្ជមានត្រូវបញ្ជូនព្យាបាល។ឯអ្នកអវិជ្ជមានត្រូវដាក់អោយធ្វើចត្តាឡីស័ក ។អ្នកនៅសល់  បានធ្វើការនិងស្នាក់នៅដាច់ឆ្ងាយពីអ្នកវិជ្ជមាននិងអ្នកផ្តល់សំណាកខាងលើ ។

ចំពោះការបង្ហើបនេះខាងអ្នកទទួលខុសត្រូវឬអ្នកមានសិទ្ធិនិយាយក្នុងនាមតំណាងក្រុមហ៊ុននេះ មិនព្រមបំភ្លឺដល់សារព័ត៌មានឡើយមកទល់ព្រលប់ថ្ងៃទី៨ខែមិថុនា ៕