ខេត្តសៀមរាប= បទល្មើសដឹកជញ្ជូនឈើមូលងាប់ ឈើមូលស្រស់ ក្នុងតំបន់គ្រប់គ្រងរបស់លោក វង្សសាំងសំរិទ្ធហៅ ហុងដា នាយសង្កាត់រដ្ឋបាលព្រៃឈើឃុំកំពង់ក្តី កំពុងតែចរាចរណ៍ដឹកឈើយ៉ាងរលូនពុំមានសមត្ថកិច្ចឬមន្ត្រីជំនាញពាក់ព័ន្ធណាចុះបង្ក្រាបសោះឡើយ! ភាពសម្ងំស្ងៀមរបស់មន្ត្រីជំនាញធ្វើឲ្យមានមតិមហាជនរិះគន់ថាមន្ត្រីជំនាញទាំងនោះទំនងជាទទួលបានទទួលលាភសក្ការៈពីក្រុមឈ្មួញដឹកជញ្ជូនបំផ្លាញព្រៃឈើយ៉ាងត្រជាក់ល្ហឹមទើបមិនមានការបង្ក្រាប។
យោងតាមប្រភពព័ត៌មានពីក្រុមអ្នកដឹកជញ្ជូនឈើទាំងនោះបានឲ្យដឹងថា មុននឹងដឹកជញ្ជូនឈើមូលស្រស់ ឈើមូលងាប់ចូលមកក្នុងស្តុបទុកក្នុងភូមិបានត្រូវរាយការណ៍ជូន លោកវង្សសាំងសំរិទ្ធ ហៅ ហុងដា ជាមុនសិនទើបអាចដឹកចូលមកបាន។

ចំណែកឈ្មួញដើរប្រមូលទិញឈើក្នុងភូមិវិញ ពលរដ្ឋលើកជាសំណួរសួរថាតើលោក ធិន ធូរ ជាអ្នកណាបានជាមានអំណាចដឹកជញ្ចូនឈើមូលស្រស់ដោយសេរី?ឬមួយអំណាចនោះបានពីលោកវង្សសាំងសំរិទ្ធហៅហុងដា ?ទើបលោកធិនធូរហ៊ានដើរប្រមូលទិញឈើពីក្រុមឈ្មួញផ្សេងៗ នៅក្នុងភូមិ តាភ្ញៀ និង ភូមិសង្កែ ឃុំគោកធ្លកលើ ដឹកជញ្ជូនឈើ ចូលរោងសិប្បកម្មកែច្នៃរបស់ខ្លួនមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិខ្លាឃ្មុំ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។





ជុំវិញការរិះគន់ខាងលើក្រុមសារព័ត៌មានបានទំនាក់ទំនងទៅលោក វង្សសាំងសំរិទ្ធហៅ ហុងដាតាមប្រព័ន្ធតេលាក្រាម តាមប្រព័ន្ធទូរសព្ទ តែលោកពុំលើកទូរសព្ទ ទំនងជាគេចវេសមិនហ៊ានឆ្លើយតបរាល់បទល្មើសក្នុងការគ្រប់គ្រងរបស់ខ្លួនឡើយ។
ពាក់ព័ន្ធនឹងបទល្មើសខាងលើក្រុមសារព័ត៌មានបានទំនាក់ទំនងទៅលោកម៉ុងប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបលោកបានឆ្លើយតបតាមប្រព័ន្ធតេលេក្រាមថា កាលដែលមន្ត្រីជំនាញចុះបង្ក្រាបហេតុអ្វីជាអ្នកព័ត៌មានចុះថតផ្សាយ!ហេតុអីមើលឃើញតែកន្លែងណាដែលគេមិនបានបង្ក្រាប ព្រោះសព្វថ្ងៃពុំមានឈើធំដុំកំភួននោះទេមានតែឈើនៅតាមក្បាលចំការរបស់ពលរដ្ឋតែប៉ុណ្ណោះសម្រាប់ពលរដ្ឋអារកាត់និងដឹកជញ្ជូនយកមកធ្វើអុសនិងធ្យូងប្រើសព្វថ្ងៃ។




ជុំវិញការឆ្លើយតបរបស់លោកនាយខណ្ឌ ត្រូវបានពលរដ្ឋមួយចំនួនព្រមទាំងអ្នកឃ្លាំមើលបទល្មើសព្រៃឈើរិះគន់លោកថាលោកនិយាយកាន់ជើងមន្ត្រីក្រោមក្លៀករបស់ខ្លួនតែប៉ុណ្ណោះការពិតលោកជាមន្ត្រីជើងដប់អង្គុយតែក្នុងការិយាល័យម៉ាស៊ីនត្រជាក់ចាំទទួលតែរបាយការណ៍ភូតភរកុហកពីមន្ត្រីគ្រាប់ល្ពៅក្រោមឱវាទតែប៉ុណ្ណោះមិនដែលចុះមកដល់គោលដៅទេ។
អ្នកឃ្លាំមើលបទល្មើសថាបើសិនលោកមុ៉ងប៊ុនលីមចុះមកដល់គោលដៅនោះអ្នកលោកនិងទៅចង្អុលចំណុចស្តុបទុកឈើមូលទាំងឡាយព្រមទាំងសិប្បកម្មមានច្បាប់និងអត់ច្បាប់មួយចំនួនឱ្យលោកម៉ុងប៊ុនលីមបានភ្លឺភ្នែកម្ដង។