សកម្មភាពដ៏មមាញឹកនៃការស្តារពើកនៅកសិន្ធុខាងលិចនៃក្រុងអង្គរធំរបស់មន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា


សៀមរាប= ក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា កំពុងបង្ហាញសកម្មភាពដ៏មមាញឹកក្នុងការងារស្តារពើកស្មៅដ៏ក្រាស់ៗ ដែលកកើតឡើងដោយសាររុក្ខជាតិតូចៗក្នុងទឹកដូចជា៖ កំប្លោក ស្លែកកនៅក្នុងទឹករយៈពេលយូរនៅក្នុងកសិន្ធុខាងលិចក្រុងអង្គរធំ ។ មុនពេលមានសកម្មភាពស្តារពើកស្មៅនេះ ស្ថានភាពទឹកកសិន្ធុខាងលិចនៃក្រុងអង្គរធំ មើលទៅស្ទើរតែមិនឃើញផ្ទៃទឹកសោះ ដោយសារមានពើកស្មៅដ៏ក្រាស់ៗដុះជុំជិតនៅទីនោះ តែពេលនេះប្រែមកជាស្រស់ស្អាតឡើងវិញបណ្តើរៗហើយ ព្រោះតែការយកចិត្តទុកដាក់ថែទាំរបស់អាជ្ញាធរជាតិអប្សរា។


លោក ញ៉ែម រស្មី មន្រ្តីបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ចាប់តាំងពីថ្ងៃបានអនុវត្តការងារស្តារពីកជំហានដំបូង កាលពីថ្ងៃទី២៦ ខែមេសា រហូតមកដល់បច្ចុប្បន្ននេះ ក្រុមការងាបានធ្វើការងារស្តារពើកស្មៅបានចំនួនជាង១៥ពាន់ម៉ែត្រក្រឡា ពោលគឺអាចបញ្ចប់នារយៈពេល៣ខែខាងមុខ បើសិនជាមិនមានបញ្ហារាំងស្ទះណាមួយកើតឡើង ។ ការងារនេះមិនអាចធ្វើលឿនទៅបាន ដោយសារពើកមានសភាពក្រាស់ធ្ងន់ និងមានសត្វអាសិរពិស និងសត្វឈ្លើងនៅក្នុងពើកដែលជាបញ្ហាប្រឈមខ្លះៗ សម្រាប់ក្រុមការងារចុះកាប់ពើក ។ លោកបន្តទៀតថា ក្រោយពេលការងារស្តារពើកស្មៅដ៏ក្រាសនេះរួចរាល់រំពឹងថាបរិស្ថាន និងសោភ័ណភាពនៅបរិវេណកសិន្ធុខាងលិចនៃក្រុងអង្គរធំ នឹងប្រែជាស្រស់ស្អាតឡើងវិញ ហើយក៏ជាទីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅទីនេះផងដែរ ។


សូមជម្រាបផងដែរថា ការងារស្ដារពើកជាជំហានដំបូងនេះ ធ្វើឡើងដោយអាជ្ញាធរជាតិអប្សរា ក្រោមគំនិតផ្តួច ផ្តើមនិងជួយឧបត្ថម្ភ ដោយលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវ ភឿង សកុណា ប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា និងជារដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវឧកញ៉ា នាងវិសាខា អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ កិតិ្តបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ និងសប្បុរសជនមួយចំនួនទៀត ៕