ផ្ទះឈើមួយខ្នងត្រូវអគ្គីភ័យឆេះទាំងស្រុងដោយសារស្ត្រីសតិមិនគ្រប់បង្កាត់ភ្លើងដាំបាយ

សៀមរាប៖ ស្ត្រីមានសតិមិនគ្រប់ម្នាក់បង្កាត់ភ្លើងដាំបាយ បណ្តាលឲ្យឆេះផ្ទះឈើចាស់១ខ្នង ហើយរាលដល់ផ្ទះថ្មីពីរខ្នងទៀត ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលម៉ោង៣និង៥០នាទីថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២១ ស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងនិងខេត្តសៀមរាប។

លោកខៀវ សត ចៅសង្កាត់ស្លក្រាម បានឲ្យដឹងនៅកន្លែងកើតហេតុថា ផ្ទះចាស់ដែលឆេះដំបូងគេមានម្ចាស់ឈ្មោះសេង ហួត ភេទប្រុសថៅកែហាងលក់ម៉ូតូហុងដា។ ឯផ្ទះថ្មីដែលអណ្តាតភ្លើងរាលដល់ទី១ ឈ្មោះអ៊ាង គឹមអេង ប្រុដ និងទី២ឈ្មោះតាន់ ស៊ានថូ ភេទស្រី។ លោកបន្តថា អគ្គីភ័យនេះផ្តើមចេញពីស្ត្រីមានសតិមិនគ្រប់ម្នាក់ឈ្មោះបូរ សុធារី អាយុ៣៥ឆ្នាំទីលំនៅមិនពិតប្រាកដ មកដុតភ្លើងដាំបាយ ហើយក៍រាលឆេះតែម្តង។

លោកបញ្ជាក់ថា ទោះផ្ទះចាស់១ខ្នងបានឆេះទាំងស្រុង តែផ្ទះថ្មី២ខ្នងទៀត បានជួយទាន់ ពេលដោយ រថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងមកអន្តរាគមន៍បាញ់ពន្លត់។ ចំណែកការខូចខាត ទំហ៊ុផ្ទះដែលរងការឆាបឆេះ និងការប្រើប្រាស់ឡានទឹក នៅមិនទាន់បញ្ជាក់បាននោះទេ៕