មន្រ្ដីជំនាញខេត្តកំពតឃុបឃិតបើកដៃអោយឈ្មួញបូមខ្សាច់យ៉ាងអាណាធិបតេយ្យ

ខេត្តកំពត៖ពលរដ្នរាយការណ៍ថាក្រុមហ៊ុន កែវ ច័ន្ទតារា បានកំពុងធ្វើសកម្មភាព បូមខ្សាច់យ៉ាងគគ្រឹកគគ្រេង ត្រូវបានគេសង្ស័យថា មានការឃុបឃិតគ្នារវាងមន្ត្រីជំនាញជាមួយថៅកែបូមខ្សាច់ ទើបសកម្មភាពបានប្រព្រឹត្តទៅយ៉ាងរលូន។

  តាមសេចក្ដីរាយការណ៍ពីខេត្តកំពតបានដឹងថា ក្រុមហ៊ុនកែវ ច័ន្ទតារា បានធ្វើសកម្មភាព បូមខ្សាច់មួយកន្លែង ស្ថិតនៅភូមិ គោចិនលេង ឃុំថ្មី (បច្ចុប្បន្នគេហៅភូមិដូនស៊យ )ស្រុកទឹកឈូរ ខេត្តកំពត ដោយការធ្វើសកម្មភាព បូមខ្សាច់ នេះ ខុសទីតាំង របស់ខ្លួនដែលបានសុំធ្វើអាជីវកម្ម។

  ប្រភពបានបន្តឲ្យដឹងថា ទីតាំងដែលក្រុមហ៊ុន កែវ ច័ន្ទតារា សុំច្បាប់ អនុញ្ញាតធ្វើអាជីវកម្ម បូមខ្សាច់នោះ នៅភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ឯណោះ។

  ប្រភពដដែលបានបន្តឲ្យដឹងទៀតថា សកម្មភាពបូមខ្សាច់ របស់ក្រុមហ៊ុន កែវ ច័ន្ទតារា បច្ចុប្បន្ននេះ គឺខុសទីតាំង ដោយបានបូមនៅលើដីមានទំនាស់ រវាងលោក ឃួន សុវណ្ណ និង លោក ពៅ ម៉ាលី ហើយក៏មាន ដីកាសម្រេច រក្សាការពារ របស់ តុលាការខេត្តកំពត ហានមិនឲ្យ ឈ្មោះ ពៅ ម៉ាលី ធ្វើអ្វីៗនៅ លើដីនោះឡើយ។

   តែបច្ចុប្បន្ននេះ លោក ពៅ ម៉ាលី បានជួលដីនេះឲ្យ ក្រុមហ៊ុន បូមខ្សាច់ ឈ្មោះកែវ ច័ន្ទតារា នៅលើដីដែលកំពង់ ទំនាស់ ជាមួយលោកឃួនសុវណ្ណ ដែលអាចចាត់ទុកថាបំពានដីការបស់តុលាការ។

  ពាក់ព័ន្ធករណីនេះពលរដ្ឋស្នើរដល់អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ជួយពិនិត្យមើលផង តើរឿងនេះនរណាអ្នកខុស ហើយនរណាជាអ្នកត្រូវ រវាងលោកពៅម៉ាលី និងលោកឃួនសុវណ្ណ៕