រដ្ឋបាលខេត្តសៀមរាបបើកកិច្ចប្រជុំត្រួតពិនិត្យស្រង់ទិន្នន័យដីធ្លីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាបនារសៀលថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារស្រង់ទិន្នន័យដីធ្លីដែល ប្រជាពលរដ្ឋបានប្រេីប្រាស់ និងអាស្រ័យផល នៅតាម តំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ នៅក្នុងភូមិសាស្រ្តខេត្តសៀមរាប តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (ZOOM) ក្រសួងបរិស្ថាន បានស្នើសុំរដ្ឋបាលខេត្តសៀមរាប បន្តពង្រឹង និងទប់ស្កាត់ការកាប់ទន្រ្ទានព្រៃលិចទឹក និងដីព្រៃរបស់ទាំងអស់! កិច្ចប្រជុំនេះក្រោមកិច្ចដឹកនាំប្រជុំដោយ លោក សៅ សុភាព រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត ដោយមានការចូលរួមពី មន្ត្រីពាក់ព័ន្ធផងដែរ។

   អាជ្ញាធរខេត្តបានបញ្ជាក់ថា កិច្ចប្រជុំក៏បានឯកភាពគ្នាមួយចំនួន៖

   ១-ឯកភាពយកទិន្នន័យដែលរដ្ឋបាលខេត្ត បានផ្ញើមកក្រសួងបរិស្ថានជាមូលដ្ឋាន។

   ២-យកទិន្នន័យរបស់រដ្ឋបាលខេត្ត មកពិនិត្យផ្ទៀងផ្ទាត់ជាមួយទិន្នន័យរបស់រដ្ឋបាលក្រុង-ស្រុកទាំងអស់។

   ៣-រៀបចំផែនទី និងshare file គ្រប់រដ្ឋបាលក្រុង-ស្រុកទាំងអស់។

   សូមបញ្ជាក់ថាគោលបំណងសំខាន់ៗ នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពអំពីការចងក្រងឯកសារទីតាំងដីដែលប្រជាពលរដ្ឋបាន ប្រើប្រាស់ និង អាស្រ័យផលជាក់ស្តែង ការប្រើប្រាស់ដីរបស់កងទ័ពក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ព្រមទាំងការត្រៀមរៀបចំដីបម្រុងទុកសម្រាប់ការអភិវឌ្ឍន៍ក្រុង-ស្រុកក្នុងខេត្តសៀមរាប៕