ខេត្តសៀមរាប= ពិធីបើកមហោស្រពភាពយន្ត ជប៉ុន ឆ្នាំ២០២៤
កាលពីល្ងាចថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០២៤ នៅរោងកុន Legend (Heritage Walk) បានបើកមហោស្រពភាពយន្ត ជប៉ុនឆ្នាំ២០២៤ ក្រោមវត្តមានឯកឧត្តម ម៉ក់ សំភា សមាជិកក្រុមប្រឹក្សាខេត្ត និង លោក លី សារី អភិបាលរង នៃគណៈអភិបាលខេត្ត និង លោក យ៉ូ ណេហ្សាវ៉ា ប្រធានការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប ដោយមានទស្សនិជនជាភ្ញៀវជាតិ អន្តរជាតិ ចូលរួមទស្សនាផងដែរ ។
មានប្រសាសន៍បើកមហោស្រពភាពយន្តជប៉ុននេះដែរ លោក លី សារី បានបញ្ជាក់ថា ពិធីបើកមហោស្រពភាពយន្តជប៉ុន និង ការជួបជុំគ្នាដោយផ្ទាល់នាពេលនេះ គឺពិតជាមានសារៈសំខាន់ សម្រាប់យើងក្នុងការវាយតម្លៃវឌ្ឍនភាព នៃទំនាក់ទំនងសហប្រតិបត្តិការ សាមគ្គីភាព កាលានុវត្តភាព រវាងប្រទេស និង ប្រជាជនកម្ពុជា-ជប៉ុន ។ លោក អភិបាលរងខេត្ត បានវាយតម្លៃខ្ពស់ និងកោតសរសើរដោយស្មោះ ចំពោះការខិតខំប្រឹងប្រែងរបស់ លោកប្រធានការិយាល័យកុងស៊ុល នៃប្រទេសជប៉ុន ប្រចាំខេត្តសៀមរាប និង សហការីទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការលើកកម្ពស់ការអភិវឌ្ឍវប្បធម៌ សិល្បៈ និង ការលើកស្ទួយទំនាក់ទំនងមិត្តភាពទ្វេរភាគី ។ ជាការពិតណាស់ ការទស្សនាភាពយន្ត ធ្វើឲ្យយើងភ្លេចបញ្ហារបស់យើង មានឥទ្ធិពលវិជ្ជមានលើអារម្មណ៍ ព្រោះភាពយន្តអាចធ្វើឲ្យយើងស្ងប់ចិត្ត និងជម្រើសមួយសម្រាប់កាត់បន្ថយ ការថប់អារម្មណ៍ ហើយសូម្បីតែការមើលភាពយន្តអាចប្រែក្លាយគំនិតអវិជ្ជមានទាំងអស់ឲ្យទៅជាល្អជាងមុន ។
លោកបានបញ្ជាក់ថា ការបើកមហោស្រពភាពយន្តជប៉ុនឆ្នាំ២០២៤នាថ្ងៃនេះ នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប គឺ បានប្រព្រឹត្តិទៅជាលើកទី២ហើយ កាលពីឆ្នាំមុន និងឆ្នាំនេះ ដែលបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ ពីការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប ចំពោះទំនុកចិត្ត និងការផ្តល់កិត្តិយសសម្រាប់ ខេត្តសៀមរាប ។ ម៉្យាងទៀតរាជរដ្ឋាភិបាល និង ប្រជាជននៃប្រទេសជប៉ុន ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់ប្រជាជន និង រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងសន្តិភាពនៅកម្ពុជា ក៏ដូចជាការរួមចំណែកវឌ្ឍនភាព នៃខេត្តសៀមរាប ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការយ៉ាងសកម្ម និងស្និទស្នាលផងដែរ។
លោក យ៉ូ ណេហ្សាវ៉ា ប្រធានការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប បានបញ្ជាក់ថា កម្មវិធីមហោ ស្រពភាពយន្តលើកនេះ បានរៀបចំភាពយន្តប្រភេទផ្សេងៗគ្នា ដែលត្រូវធ្វើការបញ្ចាំងពីថ្ងៃទី២៥ ដល់ទី២៧ ខែតុលា រួមមាន គំនូរជីវចលផ្សងព្រេង មនោសញ្ចេតនា ការប្រយុទ្ធគ្នា កំប្លែង និង រន្ធត់ព្រឺព្រួច ។ លោកមានសង្ឃឹមថា ប្រជាពលរដ្ឋកម្ពុជា និងអាចទទួលបានបទពិសោធន៍ ដើមី្បស្វែងយល់បន្ថែមពីសង្គម និង វប្បធម៌ ជាច្រើនបែបរបស់ប្រទេស ជប៉ុន តាមរយៈខ្សែភាពយន្តទាំងនេះ ។ លោកបន្តទៀតថា ភាពយន្តរឿង Godzilla ដែលត្រូវចាក់បញ្ចាំងថ្ងៃនេះ ដើមី្ប បង្ហាញពីការវាយប្រហារ ក្នុងសង្គ្រាមលោកលើកទី២ ។ ក្នុងអំឡុងពេល៧០ឆ្នាំនេះ ខ្សែភាពយន្ត Godzilla ប្រមាណ ១៣០ ត្រូវបានបង្កើតឡើងក្នុងប្រទេសជប៉ុន ។
លោក ISOGAYA Hiroyuki នាយក មូលនិធិជប៉ុន ការិយាល័យទំនាក់ទំនងភ្នំពេញ បានបញ្ជាក់ថា មូលនិធិជប៉ុន បាននឹងកំពុងរៀបចំ មហោស្រពភាពយន្តជប៉ុន នៅតាមបណ្តាប្រទេសនៅក្នុងអាស៊ាន ។ សម្រាប់ប្រទេសកម្ពុជា មហោស្រពភាពយន្តនេះ ត្រូវបានសហការរៀបចំឡើង ដោយស្ថានទូតជប៉ុននៅកម្ពុជា មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា.ជប៉ុន និង ក្រសួងវប្បធម៌និងវិចិត្រសិល្បះ និង កិច្ចសហការពិសេសពីវិទ្យាស្ថានបារាំង នៅកម្ពុជា ។ លោកក៏ បានបញ្ជាក់ថា ក្នុងអំឡុងពេលប៉ុន្មានឆ្នាំមកនេះ បានធ្វើការចាក់បញ្ចាំងភាពយន្តជប៉ុន ប្រមាណ១៣០ភាពយន្ត មានអ្នកចូលទស្សនាប្រមាណជាង ៥ម៉ឺននាក់ ជាការផ្តល់ឱកាសសម្រាប់ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសជប៉ុន និង កម្ពុជា តាមរយៈខ្សែភាពយន្តដែលបានបង្ហាញ អំពីវប្បធម៌ជប៉ុននេះ ។ លោកបានបន្តទៀតថា មូលនិធិជប៉ុន នឹងធ្វើការបញ្ចាំង ខែ្សភាពយន្តនៅតាមបណ្តារាជធានី ខេត្តចំនួន ៥នៅកម្ពុជា មានទីក្រុងភ្នំពេញ ,ខេត្តបាត់ដំបង ,ខេត្តកំពត,ខេត្តកំពង់ចាម និង ខេត្តសៀមរាប។