ខេត្តសៀមរាប=បទល្មើសនេសាទ(ឈ្នុក )កំពុងតែសម្ងែងខ្លួនយ៉ាងច្រើនស្អេកស្កះនៅលើផ្ទៃទឹកប្រៀបបីដូចជាទីក្រុងរណបពោរពេញទៅដោយភ្លើងពណ៌ភ្លឺពេញផ្ទៃទន្លេ ធ្វើឲ្យមហាជនសម្ដែងការព្រួយបារម្ភពីការបាត់បង់រលាយហិនហោចមច្ឆារជាតិទាំងតូចទាំងធំគ្រប់ប្រភេទ ស្ទើរតែខ្សោះអស់ជាតិ។

យោងតាមសេចក្តីរាយការណ៍ពីប្រជានេសាទ នឹងអ្នកឃ្លាំមើលបទល្មើសបានឲ្យដឹងថានៅពេលយប់មានបទល្មើសឈ្នុករាប់រយគ្រឿងបានដាក់នៅចំណុច ចំណុចវាលហា ផ្លូវទូក ប៉ាណាក់ និងប្រាំបីមុំ នៅក្នុងភូមិសាស្ត្រសហគមន៍ ឃុំអន្លង់សំណរ ក្រុមអ្នកចេញទៅដាក់បទល្មើសនេសាទខុសច្បាប់មាន២ភូមិ ភូមិស្ទឹងជ្រៅ និងភូមិថ្មីក្នុងដែនគ្រប់គ្រងរបស់លោក ស៊ន់ និងលោក លាភ ធាង ជាមន្ត្រីជំនាញជលផល និងលោក ស៊ីន គក់ មន្ត្រីបរិស្ថានឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប! ការដាក់បទល្មើសឈ្នុកចាប់យកត្រីធម្មជាតិគ្រប់ប្រភេទទៅធ្វើនុយត្រីឆ្ដោរគឺជាការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។


កត្តាដែលធ្វើឲ្យមានបទល្មើសនេសាទក៏ដោយសារតែមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ សម្ងំស្ងៀមមិនបង្ក្រាប !ឬបង្ក្រាបរើសមុខអ្នកដែលមិនបង់លុយឲ្យត្រូវតែបង្ក្រាបកំទេចនឹងបំផ្លាញចោល និងម្យ៉ាងទៀតមន្ត្រីគ្មានឆន្ទៈបង្ក្រាបបទល្មើសពិតប្រាកដឡើយ។
តើការដាក់បទល្មើសយកត្រីល្អិតទាំងនេះក្នុងបំណងបំផ្លាញត្រីអោយរលាយផុតពូជឬមួយយ៉ាងណា ? ទើបមន្ត្រីជំនាញនិងមន្ត្រីពាក់ព័ន្ធទាំងនោះមិនគិតពីប្រយោជន៍សាធារណៈគិតតែប្រយោជន៍ផ្ទាល់ខ្លួន?
ប្រជាពលរដ្ឋសំណូមពរសុំអោយឯកឧត្តម ឌិតទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ឯកឧត្តមប្រាក់សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប មេត្តាចាត់កម្លាំងចុះបង្ក្រាបផងទាន ពុំដូច្នេះទេធនធានមច្ឆាជាតិនិងរលាយផុតពូជជាមិនខាន៕





