ខេត្តសៀមរាប៖ ក្នុងសេចក្ដីប្រកាសបំភ្លឺរបស់គណៈគ្រប់គ្រងវិទ្យាល័យអង្គរ បានទទួលស្គាល់ថា ពិតជាបានរៀបចំដីក្នុងបរិវេណវិទ្យាល័យអង្គរ ផ្នែកជ្រុងខាងកើតឱ្យក្លាយជាអាហារដ្ឋាន ពិតប្រាកដមែន។

យោងតាមលិខិតបំភ្លឺរបស់គណៈគ្រប់គ្រងវិទ្យាល័យអង្គរ នៅថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤ សូមជម្រាបជូនព័ត៌មានដល់សាធារណជន ក្រោយពីសារព័ត៌មានក្នុងស្រុកបានចុះផ្សាយថា«ដីក្នុងបរិវេណវិទ្យាល័យអង្គរ ផ្នែកជ្រុងកែងខាងកើត ត្រូវបាន គេយកធ្វើជាកម្មសិទ្ធិ កន្លែងលក់បាយគុយទាវ ការហ្វេ»។

ក្រោយពីសារព័ត៌មានក្នុងស្រុកបានចុះផ្សាយ គណៈគ្រប់គ្រងវិទ្យាល័យអង្គរ សូមជម្រាបជូន អង្គភាពសារព័ត៌មាន និងសាធារណៈជន មេត្តាជ្រាបថា គណៈគ្រប់គ្រងវិទ្យាល័យអង្គរពិតជាបានរៀបចំដីក្នុងបរិវេណវិទ្យាល័យអង្គរ ផ្នែកជ្រុងខាងកើតឱ្យក្លាយជាអាហារដ្ឋាន សម្រាប់បម្រើឱ្យមានការលក់អាហារដែលប្រកបដោយអនាម័យ និងបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្ស ព្រម ទាំងលោកគ្រូ អ្នកគ្រូ ដែលបម្រើការងារនៅវិទ្យាល័យអង្គរពិតប្រាកដមែន។

ប៉ុន្តែការរៀបចំអាហារដ្ឋាននេះ មិនមែនជាការផ្តល់កម្មសិទ្ធដល់បុគ្គលណាមួយឡើយ។ ដីដែលបានប្រើប្រាស់ សម្រាប់សាងសង់អាហារដ្ឋាននេះ គឺជាកម្មសិទ្ធ របស់សាលាដដែល ដោយគ្រាន់តែធ្វើការដេញថ្លៃជួលឱ្យអាជីវករ ដើម្បីទទួលបានចំណូល មកជួយសម្រួលដល់ការចំណាយដ៏ធំធេងប្រចាំខែ របស់សាលាតែប៉ុណ្ណោះ។ សូមសាធារណៈជនមេត្តាជ្រាបថា ក្នុងដំណើរការជួលអាហារដ្ឋាននេះ គណៈគ្រប់គ្រងសាលាបានរៀបចំកិច្ចសន្យាជួលជាលាយល័ក្ខ អក្សរបានយ៉ាងត្រឹមត្រូវ។ មិនតែប៉ុណ្ណោះ ក្នុងដំណើរការនៃការបង្កើតឱ្យមានអាហារដ្ឋាននេះ គណៈគ្រប់គ្រងសាលា បានឆ្លងកាត់ការពិគ្រោះយោបល់ ព្រមទាំងមានការឯកភាព ពីគណៈកម្មការគ្រប់គ្រងសាលា និងអាជ្ញាធរមូលដ្ឋាន បានផងដែរ។

ជុំវិញករណីខាងលើនេះ គណៈគ្រប់គ្រងសាលា សូមឱ្យសាធារណៈជនមេត្តាជ្រាបព័ត៌មាន និងកុំមានការ ព្រួយបារម្ភពីការបាត់បង់ដី ផ្នែកជ្រុងខាងកើតរបស់សាលាទៅបុគ្គលណាមួយ ដូចការចុះផ្សាយព័ត៌មាននោះទេ។

ពាក់ព័ន្ធនឹងការយកដីសាលាធ្វើជាអាហារដ្ឋានលក់ដូរខាងលើអង្គភាពសារព័ត៌មានរិទ្ធីដាវដែកយើងបានទទួលលិខិតបំភ្លឺរបស់សាលានិងការចុះផ្សាយរបស់អង្គភាពសារព័ត៌មានសៀមរាបប៉ុស្តិ៍តែប៉ុណ្ណោះ តែធាតុពិតជាក់ស្ដែងយ៉ាងណានោះអង្គភាពយើងនឹងធ្វើការតាមដាននិងផ្សព្វផ្សាតាមក្រោយៗទៀត។RT