ខេត្តសៀមរាប÷ នគរបាលខេត្តសៀមរាបកិនកម្ទេចបំពង់ស៊ីម៉ាំង និងភ្លើងហ្វា កែច្នៃខុសបច្ចេកទេស
បំពង់ស៊ីម៉ាំងប្រមាណជា៣០០ និងភ្លើងហ្វា ដែលកែច្នៃខុសបច្ចកទេសមួយចំនួន ត្រូវបានធ្វើការកិនកម្ទេចចោល បន្ទាប់ពីឧបករណ៍ទាំងអស់នេះត្រូវបានកម្លាំងនគរបាលខេត្តសៀមរាបបង្ក្រាប និងដកហូតកាលពីពេលកន្លងទៅ
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងពិធីកម្ទេចចោលនូវឧបករណ៍ខុសបច្ចេកទេសទាំងនេះ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថាបំពង់ស៊ីម៉ាំង និង ភ្លើងហ្វា ដែលធ្វើការកិនកម្ទេចចោលនេះ គឺបានមកពីប្រតិបត្តិការរយៈពេលមួយឆ្នាំកន្លងមកនេះ ។




លោកបន្តថា ឧបករណ៍ទាំងអស់នេះត្រូវបានបំពាក់លើយានយន្តដោយខុសបច្ចេកទេស ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដូចជាបង្កសម្លេងរំខានដល់ការសម្រាករបស់ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរជាដើម។ លោកឧត្តមសេនីយ៍ស្នងការបន្តទៀតថា ចំពោះការដកហូតឧបករណ៍ខុសបច្ចេកទេសនេះ បានធ្វើឡើងនៅទូទាំង១៣ក្រុង ស្រុកនៅក្នុងខេត្តសៀមរាប ។ លោកបានបញ្ជាក់ថា ប៉ុន្តែមួយរយៈចុងក្រោយនេះ កម្លាំងសមត្ថកិច្ចបានសង្កេតឃើញថា ការបំពាក់នូវឧបករណ៍ខុសបច្ចេក ទេសលើយានយន្តនេះ មានការថយចុះច្រើន ។ បើទោះជាយ៉ាងនេះក្តី លោកឧត្តមសេនីយ៍ទោ ហួត សុធី បានអះអាងថា ដើម្បីឲ្យសណ្តាប់ធ្នាប់សាធារណៈកាន់តែល្អប្រសើរនោះ កម្លាំងនគរបាលនៅតែបន្តត្រួតពិនិត្យបន្ថែមទៀត ។ កត្តាសំខាន់នោះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលខេត្តសៀមរាបរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅថ្ងៃខាងមុខនេះ ៕




