ខេត្តសៀមរាប÷ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលបានដំណើរការទៅប្រកបដោយក្តីរិករាយ ស្និតស្នាល ក្នុងមហាគ្រួសារ ខ្មែរ នៅរសៀលថ្ងៃ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៨ ត្រូវថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៥ ជាថ្ងៃទី៣ ដែល ថ្ងៃវរៈឡើងស័ក នៅមុខបរិវេណព្រះអង្គចេកព្រះអង្គចម មានរៀបចំធ្វើពិធីស្រង់ព្រះ និង និមន្តព្រះសង្ឃចំរើនព្រះបរិទ្ធ លើករាសីឆ្នាំថ្មី ដោយមានវត្តមានអញ្ជើញចូលរួមរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ ជារដ្ឋមន្ត្រី រដ្ឋលេខាធិការ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ ប្រជាពុទ្ធបរិស័ទ និង ភ្ញៀវជាតិ អន្តរជាតិចូលរួមយ៉ាងច្រើនកុះករ ។
មុនការប្រារព្ធពិធីតាមបែកសាសនា ក៏មានធ្វើការដង្ហែរព្រះពុទ្ធរូប ចេញពីទីវត្តព្រះរាជបូណ៌ ឆ្ពោះមកកាន់បរិវេណខាងមុខព្រះវិហារព្រះអង្គចេកព្រអង្គចម និងធ្វើការប្រទកិ្សណ ទៅតាមពុទ្ធបញ្ញតិរបស់ព្រសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង រួចហើយបានដាក់តំកល់នូវទីអស្សនះ ។


តាមការបញ្ជាក់របស់គ្រូអាចារ្យបានឲ្យដឹងថា ការរៀបចំពិធីស្រង់ព្រះច្រើនធ្វើឡើងនៅថ្ងៃទី៣ ដែលត្រូវនឹងថ្ងៃវរៈឡើងស័ក ថ្ងៃចុងក្រោយ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។ ពុទ្ធបរិស័ទទាំងជិតឆ្ងាយតែងតែមកវត្តអារាម ឬទីកន្លែងមួយដែលបានកំណត់នៅក្នុងថ្ងៃនេះ ដើម្បីធ្វើពិធីស្រង់ព្រះដោយមានទឹកលាយជាមួយផ្កាភ្ញីទឹកអប់ ដើម្បីស្រោចស្រពដល់ព្រះបដិមា ឬ អ្នកមានគុណ អ្នកមានឋានៈខ្ពង់ខ្ពស់ជាង ដោយបងប្អូនប្រជាពលរដ្ឋខ្មែរលោកមានជំនឿតៗគ្នាមកយូរលុងមកហើយ ។ ការស្រង់ព្រះទាំងព្រះបដិមាថ្ម និង ព្រះរស់ អ្នកមានគុណ សុទ្ធតែទទួលបានមកវិញនូវសេចក្ដីសុខចម្រើន ត្រជាក់ត្រជុំគ្រប់ក្រុមគ្រួសារ និង កាច់ផ្តាច់កម្មអកុសល

លះបង់បាបអកុសលចាស់ៗចោល ហើយយើងសាងនូវកុសលឆ្នាំថ្មី ។ ម៉្យាងទៀតយើងក៏ត្រូវចងចាំថា ពិធីស្រង់ព្រះមិនសំដៅតែការស្រោចទឹក និង ការលាងសម្អាតព្រះពុទ្ធបដិមាតែមួយមុខប៉ុណ្ណោះទេ ។ តែព្រះរស់ ដែលហៅថាព្រះកន្លោង គឺជាព្រះដែលតែងតែនៅក្បែរយើង មើលថែយើងរហូតមកតាំងពីតូចក្រូចឆ្មា ។ ដូច្នេះគួរតែសម្តែងនូវការដឹងគុណ ការតបស្នងសងគុណ ចំពោះអ្នកមានគុណ កុំខ្មាសអៀនឲ្យសោះ កូនខ្លះហ៊ានសំពះអ្នកដទៃ តែបែរជាអៀនដៃមិនសំពះព្រះរស់របស់ខ្លួនឯង ។ យ៉ាងណាមិញ បើតាមប្រសាសន៍លោកតាអាចារ្យ បានលើកឡើងផងដែរថា ពិធីនេះប្រជាជនខ្មែរតែងប្រារព្ធធ្វើឡើងមិនដែលដាច់នៅពេលចូលឆ្នាំខ្មែរម្ដងៗ និង មានជំនឿតៗគ្នាជាយូរលុងមកហើយ ការស្រង់ព្រះទាំងព្រះបដិមាថ្ម និង ព្រះរស់ សុទ្ធតែទទួលបានមកវិញនូវសេចក្ដីសុខចម្រើន ត្រជាក់ត្រជុំដូចគ្នា ។ លោកតាអាចារ្យបញ្ជាក់ថា ទឹកតំណាងភាពត្រជាក់ ម្ល៉ោះហើយនៅពេលស្រោចស្រពលើរាងកាយជនណាម្នាក់ហើយនឹងបានត្រជាក់ ទាំងអ្នកស្រោចស្រពឲ្យគេ និង គេស្រោចឲ្យសុទ្ធតែសប្បាយចិត្ត ដោយជឿជាក់ថានឹងទទួលបាននូវបុណ្យកុសលល្អទៅថ្ងៃខាងមុខ និង ជាតិក្រោយ ។ ម៉្យាងទៀតពិធីស្រង់ព្រះនេះ ក៏ជាយុទ្ធសាស្ត្រអប់រំមួយ និង បង្កភាពសប្បាយដល់ស្រទាប់យុវជន ព្រមទាំងក្មេងចាស់ ដោយមិនបានប្រកាន់គ្នា ក្នុងស្មារតីសាមគ្គីជាតិខ្មែរ នៃមហាគ្រួសារខ្មែរ តែមួយ ។


សូមជម្រាបថា ក្នុងរយៈពេល ៣៦៥ ថ្ងៃ ពិធីចូលឆ្នាំមានត្រឹមតែ ៣ ថ្ងៃទេ និង ចំរដូវដែលមានអាកាសធាតុក្ដៅ (ខែចេត្រ) ដែលអត្ថន័យ នៃពិធីនេះ មិនខុសអីពីការសំដែងដឹងគុណដល់អ្នកមានគុណនោះដែរ ព្រោះព្រះបដិមាសំដៅលើព្រះពុទ្ធ ដែលជាព្រះសំដែងធម៌ទេសនាប្រោសមនុស្សសត្វអស់កាលដ៏យូរ ដូច្នេះពុទ្ធបរិស័ទមកសំដែងគុណដោយធ្វើ ពិធីស្រង់ព្រះ លាងស្រោចដោយទឹកអប់ផ្កាភ្ញីជម្រះធូលីឲ្យត្រជាក់។ ចំណែកឯមាតាបិតា ឬចាស់ព្រឹទ្ធាចារ្យ ឬអ្នកមានគុណ កូនចៅមកស្រោចទឹក ឬងូតទឹកដុសក្អែលឲ្យ ក៏ដើម្បីបង្ហាញពីការដឹងគុណ និង ឲ្យបានត្រជាក់ ពីឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី ទាំងអស់គ្នា៕