ខេត្តសៀមរាប÷ នៅល្ងាចថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានរៀបចំពិធីអាហារសាមគ្គីជូនកងកម្លាំងនគរបាលខេត្ត ក្រោយពេលបញ្ចប់ការងារការពារសន្តិសុខ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប ក្រោមការដឹកនាំរៀបចំឡើងដោយលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ដោយមានវត្តមានអញ្ជើញចូលរួមពីឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ចូលរួម ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាសមាជិកក្រុមប្រឹក្សាខេត្ត អគ្គកុងស៊ុលប្រចាំខេត្ត ថ្នាក់ ដឹកនាំមន្ទីរ អង្គភាព ក្រុមហ៊ុន បងប្អូនអាជីវករ ពាណិជ្ជករ និង មន្ត្រីកងកម្លាំងនគរបាលខេត្ត ក្រុមអ្នកសារព័ត៌មានចូលរួមផងដែរ។


ក្នុងពិធីសំណេះសំណាលនោះដែរលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានលើកឡើងថា ពិធីអាហារសាមគ្គីនេះ ប្រារព្ធធ្វើឡើងក្នុងន័យ ថ្លែងអំណរគុណ និង ដឹងគុណយ៉ាងជ្រាលជ្រៅបំផុតដល់កងកម្លាំង នគរបាលយើង ដែលមានការនឿយហត់ក្នុងកិច្ចការពារសន្តិសុខ ជូនដល់ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ដែលបានអញ្ជើញចូលរួមអបអរសាទរព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នៅលើទឹកដីខេត្តសៀមរាប ដែលបានប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាពខ្ពស់ ។




ម៉្យាងទៀតពិធីនេះ ក៏សំដៅពង្រឹង និងពង្រីកកិច្ចសហការ ចំណងសាមគ្គីភាពជាបណ្តាមន្ទីរ អង្គភាព ដើម្បីសម្រេចនូវសមិទ្ធផលថ្មីៗជាបន្តទៅមុខទៀត។ លោកឧត្តមសេនីយ៍ទោ បានបន្តទៀតថា ក្រោមការដឹកនាំដ៏ជោគជ័យរបស់ សម្តេចតេជោ ជាស្ថាបនិកមគ្គទេសក៍ឯក ដែលនាំមកនូវសន្តិភាព និង រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើឲ្យកងកម្លាំងយើងមានភាពរឹងមាំ ប្រកបដោយគុណភាពខ្ពស់ ។ លោកឧត្តមសេនីយ៍ទោ ហួត សុធី ក៏បានលើកផងដែរ អរគុណនយោបាយ ឈ្នះ ឈ្នះ! ដឹងគុណជានិច្ច ស្ថាបនិកមគ្គទេសក៍ឯក និង ប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញនៅកម្ពុជា ។




កត្តាសនិ្តភាពនេះហើយ ដែលធ្វើឲ្យមហាគ្រួសារខ្មែរ បានជួបជុំគ្នានៅលើទឹកដីអង្គរ ក្នុងព្រឹត្តិការណ៍អង្គរសង្ត្រាន្ត ព្រមទាំងបានទទួលស្វាគមន៍ដល់ ភ្ញៀវទេសចរជាតិ អន្តរជាតិផងដែរ ។ ភាពជោគជ័យនេះ បានសបញ្ជាក់ឲ្យឃេីញពីការរួមគិត រួមធ្វេី និងរួមទទួលខុសត្រូវ របស់កងកម្លាំងយើង ដែលមានកិច្ចសហការល្អជាមួយបណ្តាអង្គភាព នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សៀមរាប ។ លោកក៏បានថ្លែងអំណរគុណដល់កងឯកភាព ចំណុះស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងស្ថាប័ន អង្គភាពពាក់ព័ន្ធ និង ប្រជាការពារទាំងអស់ ដែលបានបំពេញភារកិច្ចរបស់ខ្លួន មិនខ្លាចការនឿយណាយ ដើមី្បសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរ ក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មីនេះ ។





សូមបញ្ជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ សមត្ថកិច្ចខេត្តសៀមរាប ត្រៀមកម្លាំងជាង ៣ ពាន់នាក់ សម្រាប់ថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្ត ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ។ ក្នុងនោះកម្លាំងនគរបាលប្រមាណ ២ពាន់នាក់ និងមានការចូលរួមពីស្ថាប័នអង្គភាពពាក់ព័ន្ធ ដែលចំណុះឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នឹងបែងចែកទៅតាមគោលដៅធំៗចំនួន៦ ក្នុងនោះគោលដៅសំខាន់ៗ រួមមាន ក្នុងតំបន់អង្គរចំនួន២៥គោលដៅ ក្នុងក្រុងសៀមរាប ៣៤គោលដៅ ។ ដោយឡែកនៅតាមបណ្ដារមណីយដ្ឋាន នៅតាមបណ្ដាក្រុងស្រុកផ្សេងៗទៀត ស្នងការដ្ឋានខេត្តសៀមរាប ក៏បានណែនាំឲ្យអធិការក្រុងស្រុក ត្រៀមកម្លាំងការពារ ដើម្បីការពារសុវត្ថិភាពដល់ភ្ញៀវទេសចរជាតិ អន្តរជាតិផងដែរ ៕