ខេត្តសៀមរាប÷ មន្ទីរសុខាភិបាល ខេត្ដសៀមរាប បានឲ្យដឹងថា ជម្ងឺគ្រុនឈាមកំពុងផ្ទុះឡើងគួរឲ្យបារម្ភ ខណៈដែលរដូវភ្លៀងបានមកដល់ គិតមកដល់សប្ដាហ៍ទី២២ មានអ្នកកើតជម្ងឺគ្រុនឈាម បានកើនឡើង១ពាន់៥០ករណី ទាំងទម្រង់ស្រាលនិងធ្ងន់ ។
លោកវេជ្ជបណ្ឌិត សូរ សុទ្ធី ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជម្ងឺ នៃមន្ទីរសុខាភិបាល ខេត្ដសៀមរាប មានប្រសាសន៍នៅថ្ងៃទី៣ខែមិថុនាឆ្នាំ២០២៥ថា អ្នកកើតជម្ងឺគ្រុនឈាមនេះ ភាគច្រើនលើកុមារ ហើយមនុស្សចាស់មានតែប្រមាណ៥ភាគរយ ដោយពួកគាត់កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យក្នុងខេត្ដ រួមមានមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប មន្ទីរពេទ្យគន្ធបុប្ផាឬមន្ទីរពេទ្យជ័យវ្ម័រនទី៧ មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យនៅតាមស្រុក។អ្នកជម្ងឺទាំងនេះ មកពីខេត្ដផ្សេងៗគ្នា រួមមាន មកពីខេត្ដកំពង់ធំ ខេត្ដបន្ទាយមានជ័យ បាត់ដំបង ខេត្ដព្រះវិហារ ខេត្ដ ឧត្ដរមានជ័យ និងខេត្ដសៀមរាប ។



លោកវេជ្ជបណ្ឌិតបានបន្ថែមថា ករណីកើនឡើងនូវជម្ងឺគ្រុនឈាមនេះ បានកើតឡើងតាំងសប្ដាហ៍ទីមួយ ខែមករាឆ្នាំ២០២៥មក ដែលមកដល់សប្ដាហ៍ទី២២មានចំនួន១ពាន់៥០នាក់ ហើយជម្ងឺនេះមានស្ថានភាពធ្ងន់ជាងនៅឆ្នាំ២០២៣ និងឆ្នាំ២០២៤ ប៉ុន្ដែការផ្ទុះជម្ងឺគ្រុនឈាមនេះ មិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ ដោយក្រុមគ្រូពេទ្យបានខិតខំយកចិត្ដទុកដាក់ខ្ពស់បំផុតក្នុងការអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដើម្បីបង្ការនឹងទប់ស្កាត់កុំឱ្យឆ្លងជំងឺគ្រុនឈាមដែលបណ្ដាលមកពីមូសខ្លាញីខាំ។លោកបានបន្ថែមថា ក្នុងរយៈពេល៥ខែកន្លងមកនេះ ក្រុមការងារបានចុះអប់រំផ្សព្វផ្សាយនៅតាមភូមិសាលាបានជាច្រើនកន្លែង ព្រមទាំងបានចុះបាញ់ថ្នាំនៅតាមភូមិដែលកំពុងកើតជម្ងឺគ្រុនឈាមច្រើន ។ ជាមួយគ្នានេះ ក៏មានផែនការដាក់ថ្នាំអាប៉ែតផងដែរ ដោយបានត្រៀមថ្នាំអាបែតប្រមាណ១៥តោន ។ លោកវេជ្ជបណ្ឌិត ក៏បានណែនាំដល់ប្រជាពលរដ្ឋឲ្យសម្អាតបរិស្ថានជុំវិញផ្ទះឲ្យបានល្អ កុំឲ្យមានការដក់ទឹកនៅតាមសំបកកង់ឡាន ថ្លុក សំបកកំប៉ុង សំបកដូង ជាដើម ជាពិសេសពាងទឹកត្រូវមានគម្របដាក់ថ្នាំអាបែត ឬចិញ្ចឹមត្រី៧ពណ៌។





លោកវេជ្ជបណ្ឌិត សូរ សុទ្ធី បានឲ្យដឹងថា របាយការណ៍ អ្នកកើតជម្ងឺគ្រុនឈាមដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរក្នុងខេត្ដសៀមរាប រួមមានមន្ទីរពេទ្យបង្អែកខេត្ដចំនួន២០នាក់ មន្ទីរពេទ្យគន្ធបុប្ផាចំនួន៧៧០នាក់ មន្ទីរពេទ្យកុមារអង្គរចំនួន១៥៨នាក់ មន្ទីរពេទ្យស្រុកប្រតិបត្តិអង្គរជុំ៩៥នាក់ និងមន្ទីរពេទ្យស្រុកប្រតិបត្ដិសូទ្រនិគម ៧នាក់ ។ របាយការណ៍បន្ថែមថា ករណីផ្ទុះជម្ងឺគ្រុនឈាម បណ្ដាលឲ្យកុមារពីរនាក់បានស្លាប់ ដែលមកពីខេត្ដបាត់ដំបង និងខេត្ដកំពង់ធំ ៕