ខេត្តសៀមរាប÷ ឯកឧត្តម សាយ សំអាល់ លើកឡើងថា យើងត្រូវរៀបចំលក្ខខណ្ឌនៃការប្រើប្រាស់ដីនៅតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ឲ្យមានភាពល្អប្រសើរ ដើម្បីទាក់ទាញភ្ញៀវទេសចរ
នៅរសៀលថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារ បាយ័ន អេរ៉ា ខេត្តសៀមរាប មានបើកកិច្ចផ្សព្វផ្សាយ ស្តីពីការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និង ការគ្រប់គ្រងនគរូបនីយកម្មនិងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិក ភណ្ឌពិភពលោកអង្គរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ និង ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តសៀមរាប និង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ នៃក្រសួង ស្ថាប័នមានការពាក់ព័ន្ធ អាជ្ញាធរខេត្ត អាជ្ញាធរជាតិអប្សរា ក្រុមប្រឹក្សា អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់មានការពាក់ព័ន្ធ មន្ត្រី បុគ្គលិក ឆ្មាំប្រាសាទ នៃអាជ្ញាធរជាតិអប្សរា មេភូមិ ប្រមាណជា៤០០នាក់ចូលរួម ។


ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងបញ្ជាក់ថា ការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយ កម្មនិងសំណង់ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ គឺសំដៅស្វែងរកការឯកភាពគ្នា ការពារឧត្តមប្រយោជន៍ នៃការអភិរក្ស និង លើកស្ទួយជីវភាពរបស់អ្នកស្រុកអង្គរ បង្កលក្ខណៈឲ្យភ្ញៀវទេសចរមកទស្សនាកម្សាន្តនិងបង្កើនឱកាសសេដ្ឋកិច្ចសម្រាប់កម្ពុជា។ ឯកឧត្តមបានបន្តថា ភ្ញៀវទេសចរដែលមកកម្សាន្តនៅកម្ពុជាភាគច្រើន គឺចង់មកទស្សនាប្រាសាទអង្គរវត្ត ដូចនេះយើងត្រូវគិតគូរការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី នៅក្នុងតំបន់រមណីយដ្ឋានអង្គរ បែបណាឲ្យលំនៅឋានរបស់ប្រជាពលរដ្ឋមានភាពស្អាត មានរបៀប មានសណ្ដាប់ធ្នាប់ កន្លែងលក់ដូររបស់ពួកគាត់ស្អាត និងមានអនាម័យប្រកបដោយផាសុខភាព ។ ក្នុងពេលភ្ញៀវទេសចរបានមកដល់មានអារម្មណ៍ស្រស់ស្រាយ ដែលជាចំណែកទាក់ទាញភ្ញៀវទេសចរឲ្យមកកាន់តែច្រើនជាងនេះ ។

ឯកឧត្តមបន្តថា នៅរសៀលថ្ងៃនេះ យើងជួបអ្នកអនុវត្តច្បាប់ និង អាជ្ញាធរពាក់ព័ន្ធទាំងអស់ ហើយជាបន្ទាប់យើង និងជួបជាមួយប្រជាពលរដ្ឋចំនួន១១៤ភូមិនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីចង់បានការឯកភាពគ្នា ជាការពិគ្រោះយោបល់ក្នុងការប្រមូលធាតុចូល ដើម្បីជាការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដីនៅតំបន់អង្គរ ហើយនឹងបង្ហាញថា ភូមិនិមួយៗអាចធ្វើអ្វីបានខ្លះ មិនអាចធ្វើអ្វីបានខ្លះ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា នេះជាជំហានថ្មីមួយទៀត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និង រដ្ឋបាលខេត្តសៀមរាប ក្នុងការស្វែងរកការឯកភាពគ្នា ទាំងស្មារតី និងគោលការណ៍រួម លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និង ការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដោយធ្វើការពិនិត្យឡើងវិញនូវរបៀបរបបការងារ លិខិតបទដ្ឋានគតិយុត្តិ របៀបរបបរស់នៅរបស់ពលរដ្ឋក្នុងតំបន់ការពារបេតិកភណ្ឌ ឲ្យមានការយល់គ្នាកាន់តែច្រើនជាងមុន រវាងប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ ស្របទៅតាមកិច្ចការបេតិកភណ្ឌ និងជាមួយអន្តរជាតិ ក្នុងស្មារតីការពារនិងអភិរក្សមរតកដូនតា និងលើកស្ទួយជីវភាពអ្នកស្រុកអង្គរ ឲ្យស្របទៅតាមប្រសាសន៍សម្តេចធិបតី លើការរៀបចំផ្ទះសំបែងឲ្យរៀបរយ និង ពង្រឹងខឿនសេដ្ឋកិច្ចជាតិ ។

ឯកឧត្តមក៏បានលើកផងដែរថា ការរៀបចំកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និង ការគ្រប់គ្រងនគរូបនីយកម្មនិងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិក ភណ្ឌពិភពលោកអង្គរ នៅខេត្តសៀមរាប ធ្វើជាគំរូ សម្រាប់យកទៅអនុវត្តបន្ត នៅខេត្តព្រះវិហារផងដែរ ៕