ខេត្តសៀមរាបπ នៅសណ្ឋាគារ បាយ័ន អេរ៉ា ខេត្តសៀមរាប នាព្រឹកថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០២៥ មានបើកកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការកំណត់លក្ខខណ្ឌនៃប្រើប្រាស់ និងការគ្រប់គ្រងនគរូបនីយកម្មនិងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ក្រោមកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិកាព្រឹទ្ធសភា , រដ្ឋសភា តំណាងអង្គការយូនីស្កូ អគ្គកុងស៊ុលប្រចាំខេត្ត អភិបាលខេត្ត រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋាន នៃ ក្រសួង ស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរជាតិអប្សរា អស់លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ អង្គភាព ក្រុមប្រឹក្សា អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ មានការពាក់ព័ន្ធ និង មេភូមិ ព្រមទាំងតំណាងប្រជាពលរដ្ឋទាំង១១៤ភូមិស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ប្រមាណជា៣០០នាក់ បានចូលរួម ។




ឆ្លងតាមការបង្ហាញពី ការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់និងការគ្រប់គ្រងនគរូបនីយកម្មនិងសំណង់ ក្នុងតំបន់១ និង តំបន់២ នៃតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ និង ពីសាវតានៃការអភិរក្សនិងលើកស្ទួយដួងព្រលឹង អង្គរ និង គោលនយោបាយអភិរក្ស និង អភិវឌ្ឍសេដ្ឋកិច្ច សង្គម និង គម្រោងកែលម្អ និង លើកស្ទួយជីវភាពរស់នៅរបស់អ្នកស្រុកអង្គរ នូវគោលការណ៍អនាម័យ សុខភាព ក្នុងគោលដៅទេសចរណ៍ ព្រមទាំងគម្រោងទាំង៤០ ដែលត្រូវ ក្រុមការងារក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ត្រូវចុះអនុវត្តពេលខាងមុខនេះ ។ បន្ទាប់ពីការលើកជាសំណូមពររបស់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន ស្ថិតក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ អំពីទុក្ខលំបាករបស់ពួកគាត់មក មានប្រសាសន៍នោះដែរឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា ការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្មនិងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ គឺសំដៅស្វែងរកការឯកភាពគ្នា ការពារឧត្តមប្រយោជន៍ នៃការអភិរក្ស និង លើកស្ទួយជីវភាពរបស់អ្នកស្រុកអង្គរ បង្កលក្ខណៈឲ្យភ្ញៀវទេសចរមកទស្សនាកម្សាន្តនិងបង្កើនឱកាសសេដ្ឋកិច្ចសម្រាប់កម្ពុជា ។




ឯកឧត្តមក៏បានបញ្ជាក់ជូនដល់អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ និងប្រជាពលរដ្ឋ អំពីលក្ខខណ្ឌនៃការប្រើប្រាស់ដី ការគ្រប់គ្រងនគរូប នីយកម្ម និងសំណង់ លើតំបន់១ និង តំបន់២ នៃរមណីយដ្ឋានអង្គរ ក្នុងការថែរក្សាការពារបេតិកភណ្ឌវប្បធម៌ជាតិ និង សម្បត្តិវប្បធម៌ទូទៅ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា ដីធ្លីទាំងអស់ដែលស្ថិតនៅតំបន់១ និង តំបន់២ ក្នុងតំបន់រមណីយដ្ឋានអង្គរ គឺជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលអាជ្ញាធរជាតិអប្សរា មានភារកិច្ច កាព្វកិច្ចគ្រប់ គ្រង ថែរក្សា និងអភិវឌ្ឍប្រកបដោយចិរភាព ។ ឯកឧត្តមក៏បានលើកឡើង ពីទីតាំងទ្រនាប់ ដែលត្រូវការពារ ,និង ទីតាំង ភូមិឋានជនបទ និងទីតាំងភូមិឋានទីប្រជុំជន ពីទីតាំងអាជីវកម្ម និង កសិកម្ម ។ ឯកឧត្តម សាយ សំអាល់ ក៏បានបញ្ជាក់ថា នេះជាជំហានថ្មីមួយទៀត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និង រដ្ឋបាលខេត្តសៀមរាប ក្នុងការស្វែងរកការឯកភាពគ្នា ទាំងស្មារតី និងគោលការណ៍រួម លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និង ការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដោយធ្វើការពិនិត្យឡើងវិញនូវរបៀបរបបការងារ លិខិតបទដ្ឋានគតិយុត្តិ របៀបរបបរស់នៅរបស់ពលរដ្ឋក្នុងតំបន់ការពារបេតិកភណ្ឌ ឲ្យមានការយល់គ្នាកាន់តែច្រើនជាងមុន រវាងប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ ស្របទៅតាមកិច្ចការបេតិកភណ្ឌ និងជាមួយអន្តរជាតិ ក្នុងស្មារតីការពារនិងអភិរក្សមរតកដូនតា និងលើកស្ទួយជីវភាពអ្នកស្រុកអង្គរ ឲ្យស្របទៅតាមប្រសាសន៍សម្តេចធិបតី លើការរៀបចំផ្ទះសំបែងឲ្យរៀបរយ និង ពង្រឹងខឿនសេដ្ឋកិច្ចជាតិ ។




ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជឿជាក់ថា ការបញ្ចប់បញ្ហាដីធ្លីនៅតំបន់រមណីយដ្ឋានអង្គរ គឺជាផ្នែកមួយដែលជម្រុញទេសចរកាន់តែច្រើនចង់មកទស្សនានៅខេត្តសៀមរាប ហើយប្រជាពលរដ្ឋរស់នៅខេត្តសៀមរាបប្រាកដជាមានជីវភាពប្រសើរជាងបច្ចុប្បន្ន ៕





