ខេត្តសៀមរាប÷ គណៈប្រតិភូអន្តរក្រសួង ចុះពិនិត្យនិងវាយតម្លៃ ផ្លូវក្រាលកៅស៊ូពីរជាន់ ២ខ្សែ ក្នុងភូមិសាស្ត្រប្រាសាទបាគង និង ស្រុកសូទ្រនិគម ព្រមទាំងការថែទាំផ្លូវគ្រួសក្រហម១ខ្សែក្នុងស្រុកបន្ទាយស្រី
នៅថ្ងៃទី១៣ ខែមិថុនានេះ គណៈប្រតិភូអន្តរក្រសួងរួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំដោយឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម (គ.ល) តំណាងឯកឧត្តមរដ្ឋមន្រ្តី ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចុះត្រួតពិនិត្យ និង វាយតម្លៃបញ្ចប់សុពលភាពលើលទ្ធផល ការងារថែទាំខួបផ្លូវចំនួន ២ខ្សែ ដោយក្រាលកៅស៊ូ DBST បន្ថែមពីលើ (Reseal DBST) ប្រវែងសរុប ១៤.៩០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ព្រមទាំងគូសគំនូសចរាចរណ៍ទំហំ១.៣៦០ម២ ស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង និងឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប (គម្រោងលេខ DRR-PM-2024-No.031) ដែលទទួលការអនុវត្តដោយ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប និង ការថែទាំខួបផ្លូវចំនួន ១ខ្សែ ក្រាលល្បាយគ្រួសប្រវែង ១១.៥០០ម៉ែត្រ ទទឹង ៥ម៉ែត្រ, កម្រាស់ ០,២ម៉ែត្រ និង សាងសង់លូមូលមុខបីចំនួន ១កន្លែង ស្ថិតនៅឃុំខ្នារសណ្តាយ និង ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប (គម្រោងលេខ DRR-PM-2024-No.020) ។


លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានបញ្ជាក់ថា ការថែទាំខួបផ្លូវចំនួន២ខ្សែ ដោយក្រាលកៅស៊ូ DBST បន្ថែមពីលើ (Reseal DBST) ប្រវែងសរុប ១៤.៩០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ព្រមទាំងគូសគំនូសចរាចរណ៍ទំហំ១.៣៦០ម២ ស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង និង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប (គម្រោងលេខ DRR-PM-2024-No.031) ដែលត្រូវបានអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានបញ្ចប់សុពលភាពការងារដោយគុណភាព និងសោភ័ណភាព នៅរក្សាគុណភាពល្អ ។ ចំពោះការថែទាំខួបផ្លូវចំនួន ១ខ្សែ ក្រាលល្បាយគ្រួសប្រវែង ១១.៥០០ម៉ែត្រ ទទឹង ៥ម៉ែត្រ, កម្រាស់ ០,២ម៉ែត្រ និង សាងសង់លូមូលមុខបីចំនួន ១កន្លែង ស្ថិតនៅឃុំខ្នារសណ្តាយ និង ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប (គម្រោងលេខ DRR-PM-2024-No.020) ត្រូវបានចប់សព្វគ្រប់ ។ ផ្លូវទាំងនេះហើយផ្លូវទាំងពីរខ្សែនេះជួយសម្រួលដល់ចរាចរណ៍របស់សិស្សានុសិស្ស ,ដឹកជញ្ជូនអ្នកជម្ងឺទៅមន្ទីរពេទ្យ ,ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារជាដើម ។
ឯកឧត្តម សាន វិសាល ក្នុងនាមឯកឧត្តមរដ្ឋមន្រ្តី ឆាយ ឬទ្ធិសែន បានផ្តោតសំខាន់លើគុណភាពនៃការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាពតាមដងផ្លូវ ។

ឯកឧត្តមបានកោតសរសើរក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ដែលបានបំពេញការងារបានល្អ និងបានណែនាំបន្ថែមដល់ក្រុមបច្ចេកទេសឲ្យពង្រឹងការងារថែទាំផ្លូវនៅចំណុចដែលមានចន្លោះខ្វះខាតទៀតផង ។ ឯកឧត្តមបានបញ្ជាក់ថា ការថែទាំខួបផ្លូវចំនួន២ខ្សែ ដោយក្រាលកៅស៊ូ DBST បន្ថែមពីលើ (Reseal DBST) បានលើកកម្ពស់សោភណ្ឌភាព និងសុវត្ថិភាពតាមដងផ្លូវបានល្អស្អាត ។ ឯកឧត្តម សាន វិសាល បានសម្តែងការកោតសរសើរ ដល់ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់ក្រសួង ថាបានបំពេញកិច្ចការងារយ៉ាងល្អ ហើយគណៈកម្មការបានឯកភាពទទួលយក១០០% ចំពោះលទ្ធផលថែទាំផ្លូវល្បាយគ្រួស ក្នុងស្រុកបន្ទាយស្រី ។ ម៉្យាង ទៀតផ្លូវទាំងនេះ បានជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន មានភាពងាយស្រួលទៅមក ក្នុងការធ្វើចរាចរ ការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារ ជួយសម្រួលដល់សិស្សានុសិស្ស ធ្វើដំណើរទៅកាន់សាលារៀន ដឹកជញ្ជូនអ្នកជម្ងឺមកកាន់ មណ្ឌលសុខភាពបានទាន់ពេលវេលា ព្រមទាំងបានផ្តាំផ្ញើ ចូលយើងគ្រប់រូបនៅពេលបើកបរយាន យន្តគ្រប់ប្រភេទ ត្រូវគោរពច្បាប់ចរាចរណ៍ ពេលបើកបរពាក់មួកសុវត្ថិភាព និង ពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ក្នុងការថែរក្សា អាយុជីវតរបស់ខ្លួន ៕