ខេត្តសៀមរាប÷ ធនាគារ UCB តាមរយៈអង្គការក្លឹប Rotary Angkor បានដឹកនាំក្រុមគ្រូពេទ្យស្ម័ត្រចិត្តមន្ទីរពេទ្យ Mackay នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះមកពិនិត្យព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២១ ដល់ទី២៣ ខែកក្កដា ឆ្នាំ២០២៥ នៅមណ្ឌលសុខភាព ចាន់ស ស្រុកសូទ្រនិគម, មណ្ឌលសុខភាព រោងគោ ស្រុកក្រឡាញ់ និង មណ្ឌលសុខភាពរើល ស្រុកពួក ខេត្តសៀមរាប និង ចែកជូនអំណោយជាគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋក្រីក្រប្រមាណជា១ពាន់គ្រួសារ ក្រោមវត្តមានចូលរួមរបស់លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ព្រមទាំងអស់លោក លោកស្រីជាសមាជិកក្រុមប្រឹក្សា ស្រុក គណៈអភិបាលស្រុក មេឃុំ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក និងកងកម្លាំងទាំងបីប្រភេទ និង ប្រជាការពារភូមិផងដែរ ។





ក្នុងនោះដែរអាជ្ញាធរស្រុកទាំងបី ក៏បានធ្វើការថ្លែងអំណរគុណនូវទឹកចិត្តដ៏មនុស្សធម៌របស់មន្ទីរពេទ្យ Mackay និងធនាគារ UCB ក៏ដូចអង្គការក្លឹប Rotary Angkor ដែលតែងបានចូលរួមក្នុងការដោះស្រាយនូវទុក្ខ លំបាកជាមួយរាជរដ្ឋាភិបាលកម្ពុជា ទាំងការផ្តល់នូវស្បៀងអាហារ សម្ភារៈ បរិក្ខាពេទ្យ ការយកចិត្តទុកដាក់អំពីសុខភាព អនាម័យ បរិស្ថាន របស់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទ។ ម៉្យាងទៀតបញ្ហាសុខភាព គឺជាកត្តាចំបង សម្រាប់យើងគ្រប់ៗគ្នា ហើយការពិនិត្យសុខភាព និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃពេលនេះ គឺជាការបញ្ជាក់នូវទឹកចិត្តសប្បុរសធម៌ របស់ក្រុមគ្រូពេទ្យប្រទេសចិន ដោយមិនមែនការរើសអើង ជាតិសាសន៍ឬ និន្នាការនយោបាយអ្វីឡើយ។





មានចំណាប់អារម្មណ៍នោះដែរលោកស្រី អាណា ប្រធានអង្គការក្លឹប Rotary Angkor និង លោកប្រធានប្រតិភូនៃមន្ទីរពេទ្យ Mackay បានលើកឡើងថា តាមរយៈព្រឹត្តិការណ៍នេះបានលើកកម្ពស់នៃ កិច្ចសហប្រតិបត្តិការ ទំនាក់ទំនងគ្នាល្អរវាងកម្ពុជា-ចិន សំខាន់រវាង ប្រជាជនចិន និងប្រជាពលរដ្ឋខេត្តសៀមរាប កាន់តែនៅជិតស្និទផងដែរ។ នេះជាលើកទី៧ហើយរបស់ក្រុមគ្រូពេទ្យ Mackay ក្នុងទឹកចិត្តមនុស្សធម៌ ចុះមកព្យាបាលជម្ងឺជូនប្រជាពលរដ្ឋកម្ពុជា នៅខេត្តសៀមរាប តាមតំបន់ ជនបទ ព្រមទាំងផ្តល់ស្បៀងដល់ គ្រួសារក្រីក្រទៀតផងដែរ។




មានប្រសាសន៍សំណេះសំណាលនោះលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័ត្រចិត្តមន្ទីរពេទ្យ Mackay នៃសាធារណរដ្ឋប្រជាមានិតចិន និងធនាគារ UCB តាមរយៈអង្គការក្លឹប Rotary Angkor ដែលតែងបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការងារសុខភាពសាធារណៈ សំខាន់ពីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងនៅស្រុកទាំងបីនេះ ។ ក្នុងនោះដែរលោកវេជ្ជបណ្ឌិត បានបន្តទៀតថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តមានជំនាញល្អៗ មកពិនិត្យសុខភាព និងព្យាបាល ជម្ងឺជូនបងប្អូន ព្រមទាំងបានផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្ន និងត្រូវបង្ការថែរក្សាចំពោះសុខភាព ដើម្បីទប់ស្កាត់កុំឲ្យឆ្លងជម្ងឺផ្សេងៗយាយីមកលើកូនចៅ និងក្រុមគ្រួសារខ្លួន ជាសំខាន់នៅក្នុងរដូវវស្សា នេះ ត្រូវធ្វើអនាម័យ បរិស្ថាននៅក្នុងភូមិឋាន និងបំបាត់នូវទីជម្រក សត្វមូសខ្លា ដោយមានការរស់នៅឲ្យបានស្អាតជានិច្ច ដើម្បីបង្ការចៀស ឆ្ងាយពីជម្ងឺរាគរុស និងគ្រុនចាញ់ គ្រុនឈាមជាដើម ។




លោកប្រធានមន្ទីរក៏បានបញ្ជាក់ថា កម្ពុជា និងប្រទេសចិន មានទំនាក់ទំនងសហប្រតិបត្តិការនឹងគ្នា ជាង១ពាន់ឆ្នាំមកហើយរហូតមកដល់បច្ចុប្បន្ននេះ ដោយបានធ្វើឲ្យកិច្ចសហប្រតិបត្តិការជាមិត្តភាពនេះកាន់តែរឹងមាំ រវាងរដ្ឋាភិបាលទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរកាន់តែនៅជាប់គ្នាជានិច្ច ៕
