(កំពង់ធំ)÷ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពវីរយុទ្ធជនពលី ចំនួន ០៤រូប:

ទី១. លោកព្រិន្ទបាលឯក ពេជ្រ ង៉ោល នៅអង្គភាពវរសេនាតូចលេខ៣៨២ កងពលលេខ៨ ចំណុះកងពលធំលេខ ៣ ស្រុកសណ្ដាន់

ទី២. អនុសេនីយ៍ត្រី ញាត ឈីន វរៈសនាតូចអន្តរាគមន៍លេខ៣៨២ ស្រុកសណ្ដាន់

ទី៣. អនុសេនីយ៍ត្រី ជួង លាប នៅអង្គភាពវរសេនាតូចលេខ៤២ ស្រុកស្ទោង

ទី៤. លោកព្រិន្ទបាលឯក ឌី សេង នៅអង្គភាពកងពលធំអន្តរាគមន៍លេខ ៣ ជ.ក ស្រុកបារាយណ៍ ដែលជាយុទ្ធជនពលីជីវិត ដើម្បីជាតិ ឈរជើងនៅតាមព្រំដែនកម្ពុជា-ថៃ ។

គណៈប្រតិភូខេត្តកំពង់ធំ និងប្រជាពលរដ្ឋគ្រប់រូប ចងចាំទុកនូវគុណូបការៈដ៏ធំធេងរបស់ វីរយុទ្ធជនដ៏អង់អាចខ្លាហាន ជាគំរូវីរភាពដ៏ឧត្តុងឧត្តម និងលះបង់សម្រាប់ ជាតិ សាសនា ព្រះមហាក្សត្រ។

ថ្នាក់ដឹកនាំខេត្តកំពង់ធំ និងប្រជាពលរដ្ឋគ្រប់រូប សូមចូលរួមរំលែកមរណទុក្ខដោយក្តីក្តុកក្តួលនិងអាឡោះអាល័យបំផុត ចំពោះការបាត់បង់វីរយុទ្ធជនស្នេហាជាតិដ៏ឧត្តុងឧត្តម ដែលបានរួមចំណែក យ៉ាងធំធេងក្នុងការប្រយុទ្ធតស៊ូជាមួយខ្មាំងសៀម ដែលកំពុងធ្វើការឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា។ អត្ថបទរដ្ឋបាលខេត្តកំពង់ធំ